សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ សម្រាប់បុគ្គលិកវិទ្យុ VOD ដែលមានបំណងចង់ចូលបំរើកិច្ចការរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ផ្ដល់​ក្របខណ្ឌរដ្ឋ​ដល់​បុគ្គលិកវិទ្យុ វីអូឌី ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ក្រោយពី​វិទ្យុនេះត្រូវបាន​បិទដោយ​កំហុស​ថ្នាក់ដឹកនាំ​និងគ្មានឱកាសបើកឡើងវិញ។

​សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រោយពីដំណើរ​ទស្សនកិច្ច​នៅប្រទេសឡាវមកដល់កម្ពុជាវិញថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយ​គិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្ដេចសម្រេច​ផ្តល់ក្រប​ខ័ណ្ឌរដ្ឋ​សម្រាប់​បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។

សម្ដេចតេជោបានមានប្រសាសន៍ថា សូមបងប្អូនធ្វើទំនាក់ទំនង​ជាមួយក្រសួង​មុខងារសាធារណៈ​ដើម្បីដាក់​ពាក្យ​សុំធ្វើការ។

សម្ដេចតេជោបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាម​ក្រសួង​នានា​ស្រប​តាម​មុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្ដេចតេជោដោយផ្ទាល់។

សម្ដេចតេជោបានបញ្ជាក់ថា សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយ​សម្ដេចបាន​បញ្ជាក់ថា​នឹងគ្មាន​ការផ្លាស់ប្តូរការសម្រេចចិត្តរបស់របស់សម្ដេចនោះឡើយ។

សម្ដេចបាន​បន្ថែមថា ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យកម្ពុជា ធ្វើនេះ ឬធ្វើនោះតាមការ​ចង់បាន​របស់ពួក​គេឡើយ ​ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា ការបិទចោលវិទ្យុ​ដែលគ្មាន​ក្រមសីលធម៌​មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕

Powered by Blogger.