កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត ( AFP​)

 សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង​យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៩ ខែមីនានេះបានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់ សមុទ្រខាងកើត ចំពេលស្ថានការណ៍លើឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

យ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការអះអាងពីយោធាកូរ៉េខាងត្បូង។ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមលើពីនេះនោះទេ។

ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអាទិត្យនេះ កើតមានឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថាខ្លួនបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM វ៉ាសុង-១៧ (Hwasong-17) មួយគ្រាប់ ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារ​វាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលកំពុងបន្តធ្វើឡើង។ ទីក្រុងព្យុងយ៉ាងបានបង្កើនការធ្វើតេស្ដមីស៊ីលគួរឱ្យកត់សម្គាល់ មួយរយៈកាលចុងក្រោយនេះ ជាពិសេសក្រោយលោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យយោធារបស់ខ្លួនបង្កើនការធ្វើសមយុទ្ធយោធា។

កូរ៉េខាងជើងបានចាត់ទុកថាការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការត្រៀមលក្ខណៈធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងរបបដឹកនាំរបស់លោក គីម៕



Powered by Blogger.