ព្រឹត្តិការណ៍ សមរាត្រី Angkor Equinox ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តលើកទី១ក្នុងឆ្នាំនេះកើតឡើងនៅថ្ងៃទី២១មីនា
សៀមរាប៖ អាចនិយាយបានថាពិតជាមហាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យសម្រាប់ទឹកដីនៃប្រាសាទអង្គរ ដោយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យដែលគេហៅថា «សមរាត្រី» ពន្លឺព្រះអាទិត្យរះចំកណ្តាលនៃកំពូលប្រាសាទអង្គរវត្តកើតមានឡើង។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣…។
ព្រឹត្តិការណ៍ដ៏ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមានឡើងចំនួន២ ដងក្នុង១ឆ្នាំ ដោយនៅថ្ងៃទី២១ ខែមីនានេះជាលើកទី១ ហើយអាចកើតមានឡើងនៅថ្ងៃទី២២ ខែកញ្ញា ក្នុងឆ្នាំនេះម្ដងទៀតដែលជាលើកទី២។
ពាក្យថា «សមរាត្រី» មានន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នា ហើយត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។
ថ្វីដ្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី និងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ប៉ុន្តែ បាតុភូតនោះកើតឡើងមិនដូចគ្នាទេ។ ជាក់ស្តែងកាលពីឆ្នាំ២០១៩កន្លងទៅ «សមរាត្រី» ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕
Post a Comment