ចាប់ខ្លួនបុរសម្នាក់ពីបទ គំរាមកំហែងបង្ហោះរូបភាព និងវីឌីអូអាសអាភាសជាសាធារណៈ បទល្មើសនេះបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ បុរសអាយុ៣០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតជននេះពីបទ គំរាមកំហែងចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់។
បទល្មើសនេះបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីដើមខែមីនា ឆ្នាំ២០២៣។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីសហការស៊ើបអង្កេតទៅលើករណីនេះ និងធ្វើការចាប់ខ្លួនមុខសញ្ញាសង្ស័យ។ជាមួយការជ្រោមជ្រែងពីអង្គភាពការពារកុមារ (CPU) នាយកដ្ឋានព្រហ្មទណ្ឌ និងក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យពេលដែលគេកំពុងធ្វើដំណើរចេញពីភ្នំពេញ។ ជនសង្ស័យរូបនេះនឹងត្រូវកម្លាំសមត្ថកិច្ចបញ្ជូនទៅខេត្តបន្ទាយមានជ័យវិញ ដើម្បីបន្តការស៊ើបអង្កេតតាមនីតិវិធី។
Post a Comment