ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះមធ្យម។ ប្រសិនជាលោកអ្នកមានអារម្មណ៍ថាធុញថប់ជាមួយបរិយាកាសនៅជុំវិញខ្លួនដូចជាគេហដ្ឋានរស់នៅប្រចាំថ្ងៃជាដើម ចូរធ្វើការកែខៃវាដោយការសម្អាតទាំងខាងក្នុងនិងខាងក្រៅឱ្យបានស្រឡះល្អ។ ចូរសម្អាតទាំងចិត្តគំនិតឱ្យបានល្អបរិសុទ្ធផងដែរ។ ចំពោះបញ្ហាស្នេហានិងគ្រួសារគឺ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកនឹងទទួលបានលាភសំណាងគ្រប់ភារកិច្ចការងារ។ មិនថាតែការងារនោះ លោកអ្នកធ្លាប់បរាជ័យប៉ុន្មានដងហើយក៏ដោយតែ ក្នុងថ្ងៃនេះគឺជាថ្ងៃនៃភាពជោគជ័យរបស់អស់លោកអ្នក។ ចំពោះរឿងគ្រួសារ និងស្នេហាគឺត្រជាក់ត្រជុំប្រៀបដូចជាទឹកអម្រឹត។
ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល រាសីមធ្យម។ ទំនាយទាយថា មានកិច្ចការជាច្រើនដែលលោកអ្នកត្រូវធ្វើ ប៉ុន្តែ ចូរលៃលករកតែការងារដែលចាំបាច់ប៉ុណ្ណោះ។ ព្រោះថាបើទោះបីជាលោកអ្នកបម្លែងដៃជា១០ ជា២០ ក៏ការងារនោះនៅតែមិនបានលទ្ធផលដូចចិត្តដែរ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺមិនមានបញ្ហាល្អក់កករអ្វីទេ។
ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីមធ្យម។ ថ្ងៃនេះទំនាយទាយថា លោកអ្នកប្រហែលជាកំពុងវង្វេងមិនច្បាស់លាស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។ លោកអ្នកពុំគួរត្រេកត្រអាលនឹងរឿងអ្វីមួយខ្លាំងពេក ហើយក៏កុំបាក់ទឹកចិត្តពេកនោះក៏ទេដែរ។ ព្រោះថា លទ្ធផលគឺនៅត្រឹមតែមធ្យមតែប៉ុណ្ណោះ។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺក្នុងលក្ខណៈមួយត្រឹមតែ មធ្យមៗ។
ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ល្អបង្គួរ។ ក្នុងថ្ងៃនេះ ទំនាយទាយថា លោកអ្នកនឹងអាចរំលំជញ្ជាំងឧបសគ្គមួយចំនួនធំបានយ៉ាងងាយ។ ពិតណាស់ថា វាអាចនឹងហត់នឿយទម្រាំជោគជ័យ។ ប៉ុន្តែដោយការតស៊ូនោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្ត។ ចំពោះរង្វង់គ្រួសារ និងស្នេហាគឺមានតែការយល់ចិត្ត យល់ថ្លើមរវាងគ្នានឹងគ្នា។
ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះធ្លាក់ចុះ។ ទំនាយទាយថា ចូរលៃលករកពេលសម្រាកឱ្យបានច្រើន។ មួយរយៈនេះលោកអ្នកមានអារម្មណ៍ថាហត់នឿយ និងបាក់ទឹកចិត្ត ប៉ុន្តែការដកដង្ហើមស្រូបខ្យល់អាកាសវែងៗ ក៏ជាវិធីសាស្ត្រមួយជួយឱ្យល្អប្រសើរឡើងផងដែរ។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា ការយកចិត្តទុកដាក់ និងឱ្យតម្លៃដល់គ្នាគឺជាអ្វីដែលចាំបាច់បំផុតក្នុងថ្ងៃនេះ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រឿងហ្មងសៅទាំងប៉ុន្មាននឹងរលាយបាត់អស់ ចេញពីជីវិតលោកអ្នកនៅក្នុងថ្ងៃនេះ។ លោកអ្នកនឹងក្លាយជាអ្នកឱ្យទានទាំងចិត្តល្អបរិសុទ្ធដល់អ្នកដែលខ្សត់ខ្សោយ។ ចំពោះបញ្ហាគ្រួសារនិងស្នេហា គឺបញ្ចេញពន្លឺត្រចះត្រចង់គួរឱ្យសរសើរ។
ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ត្រដែត។ រាល់ការប្រកបការងារនិងដំណើរជិតឆ្ងាយគឺរលូនល្អណាស់ សោតឯអ្នកជិតខាងក៏មានអធ្យាស្រ័យល្អរវាងគ្នានិងគ្នា។ ងាកមក គ្រួសារ និងស្នេហា គឺមានពន្លឺត្រចះត្រចង់។
ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកប្រៀបដូចជាហង្សដុះស្លាបពេជ្រ ដែលមានពន្លឺត្រចះ ហើយហើរត្រដាងស្លាបលើអាកាសពេញដោយទំនុកចិត្ត។ ចំពោះរឿងគ្រួសារ និងស្នេហា គឺត្រជាក់ត្រជុំប្រពៃណាស់។
ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ល្អបង្គួរ។ ទំនាយទាយថា លោកអ្នកស្ថិតក្នុងរបត់មួយឆ្ពោះទៅរកជោគជ័យ។ សូមនៅតែប្រកាន់ចិត្តខន្តី និងអត់ឱននៅគ្រប់កាលៈទេសៈ នោះសេចក្ដី ប្រាថ្នានឹងសម្រេច លទ្ធផលឆាប់ៗនេះ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែម។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថាលោកអ្នកនឹងជះរស្មីប្រៀបដូចដួងតារាព្រោះតែទង្វើល្អដែលបានសាងមកជាយូរ។ ចូរនៅតែបន្ដធ្វើអំពើល្អដោយការឱ្យទាន ដើម្បីជាប្រយោជន៍ទៅថ្ងៃមុខបន្តទៀត។ ចំពោះស្នេហានិងគ្រួសារ គឺផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអម្រឹត។ ។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះមធ្យម។ ទំនាយទាយថា លោកអ្នកនឹងជួបមនុស្សប្លែកមុខមកសុំពឹងពាក់។ ចូរកុំឆាប់ទុកចិត្តគេពេក ក៏ពុំគួរឆាប់វាយតម្លៃថាគេជាមនុស្សមិនល្អពេកអី។ ព្រោះក្នុងធាតុអាក្រក់ដែលអ្នកជួប ក៏មានធាតុល្អបង្កប់ក្នុងនោះដែរ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានភាពសុខដុមរមនា៕
Post a Comment