ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ វេទិកានេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការរៀបចំជាលើកដំបូងហើយនៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង ពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១, ឆ្នាំ២០២៣។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់ របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
* សម្តេចតេជោ ហ៊ុន សេន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥” និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យ សាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ គឺ ១).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន៣បន្ថែមទៀត គឺ ១). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា សម្តេចសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៥ចំណុច។
Post a Comment