ក្មេងស្រីរងគ្រោះដល់ថ្ងៃគម្រប់ខួបស្លាប់១ឆ្នាំ តែរកមុខជនដៃដល់មិនទាន់រកឃើញ
ខេត្តបន្ទាយមានជ័យ ៖ រហូតមកដល់ពេលនេះ កុមារី លួត លីហ្សា ដែលត្រូវឃា.តករសម្លា.ប់មានរយៈពេល១ឆ្នាំមកហើយ និងដល់ពេលនេះ ត្រូវបានធ្វើបុណ្យគម្រប់ខួប១ឆ្នាំ។ ចំណែកឪពុកម្តាយ និងសាច់ញាតិ ក៏បានទទូចសុំឱ្យសមត្ថកិច្ចពន្លឿនការស្រាវជ្រាវឱ្យបានឆាប់ ដើម្បីរកយុត្តិធម៌ជូនកូនស្រីដែលរងគ្រោះផង។
ការធ្វើបុណ្យខួប១ឆ្នាំ នៃការស្លា.ប់យ៉ាងជូរចត់របស់ក្មេងស្រីរងគ្រោះ ត្រូវបានធ្វើកាលពីថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិទំនប់«ក៥» សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ហើយកុមារី លួត លីហ្សា ពេលត្រូវជនដៃដល់សម្លា.ប់ ទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ ដែលមានឪពុកឈ្មោះ សំ សាន្ត អាយុ៣៣ឆ្នាំ ជាកម្មករនៅផ្សារថៃ និងម្តាយឈ្មោះ យាន ខេមរា អាយុ៣២ឆ្នាំ និងមានប្អូនស្រីម្នាក់ឈ្មោះ សាន្ត មេត្តា អាយុ៣ឆ្នាំ ។
ទិដ្ឋភាពថ្ងៃធ្វើបុណ្យគម្រប់ខួប១ឆ្នាំដល់កុមារី លួត លីហ្សា គេឃើញមានបងប្អូនអ្នកជិតខាង និងសាច់ញាតិ លោកគ្រូ អ្នកគ្រូ និងសិស្សរួមថ្នាក់ បានចូលរួមបុណ្យតាមប្រពៃណីផងដែរ។ ហើយចំពោះបច្ច័យដែលបានមកពីចូលបុណ្យនេះ ត្រូវបានឪពុកម្តាយទិញសម្ភារៈសិក្សាជូនសិស្សរួមថ្នាក់របស់នាងចំនួន៥០នាក់ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជូនវិញ្ញាណក្ខន្ធកុមារី លួត លីហ្សា បើមានជាតិក្រោយ សូមឲ្យមានអាយុវែង និងរៀនពូកែដូចជាតិនេះ ។
ជាមួយគ្នានេះ ឪពុកម្តាយនិងសាច់ញាតិបានទទូចសុំឱ្យសមត្ថកិច្ច ទាំងនគរបាល និងកងរាជ
អាវុធហត្ថ សូមជួយពន្លឿនការស្រាវជ្រាវ និងរកយុត្តិធម៌ជូនកូនស្រីរបស់គាត់ដែលត្រូវជនដៃដល់សម្លា.ប់ ហើយយកទៅកប់ និងយកដុំដីសង្កត់ពីលើ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ នៅភូមិទំនប់«ក៥» សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនដៃដល់រូបនេះបានសម្លា.ប់កុមារីរងគ្រោះ ខណៈពេលនាងចេញពីសាលារៀនទំនប់ «ក៥» ហើយដើរមកផ្ទះវិញ ។ ដោយសារតែបាត់នាងមិនឃើញមកផ្ទះ ឪពុកម្តាយក៏ប្តឹងសមត្ថកិច្ច ឲ្យជួយរក និងប្រទះឃើញស.ពនាងត្រូវជនដៃដល់កប់នៅក្បែររបងថ្មក្បែរសាលារៀន និងយកដុំដីសង្កត់ពីលើ មានចម្ងាយពីផ្ទះជាង១០០ម៉ែត្រ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានថ្លែងស្រដៀងគ្នាថា ករណីកុមារី លួត លីហ្សា ត្រូវបានប្រទះឃើញស្លា.ប់កប់ក្បែរនៅសាលារៀននោះ សមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវរកភស្តុតាងនានាឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់លើជនសង្ស័យ ៕
Post a Comment