សមត្ថកិច្ចបំបែកសំបុកឧក្រិដ្ឋជនគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំចំនួន៧ទីតាំងផ្សេងគ្នាឃាត់ខ្លួនជនជាតិចិន វៀតណាម និងខ្មែរ ចំនួន ៣១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនក្នុងក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រតិបត្តិការចុះឆ្មក់បង្រ្កាបទីតាំងសម្រាប់ប្រើប្រាស់ រក្សាទុកចែកចាយ គ្រឿងញៀនដោយខុសច្បាប់នេះធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្រុងព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ជាលទ្ធផលបង្ក្រាប់បានជនសង្ស័យចំនួន២០នាក់ នៅទីតាំងចំនួន៧។
ទីតាំងទី១ បន្ទប់ជួលខាងក្រោយផ្សារឃ្លាំងលើ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ជនជាតិខ្មែរ ដកហូតវត្ថុតាង ម្សៅ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ, ទូរសព្ទចំនួន ៣គ្រឿង, ម៉ូតូចំនួន ២គ្រឿង។ ទីតាំងទី២. ហាងនំម៉ៃឡឺហ្វូ ម្តុំមហោស្រពចាស់ ឃាត់ខ្លួនមនុស្សចំនួន ១១នាក់ ជនជាតិចិនចំនួន៨នាក់ វត្ថុតាងចាប់យកម្សៅកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ៦៤កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ២៤គ្រាប់, រថយន្ត២គ្រឿង, ម៉ូតូចំនួន ២គ្រឿង និងសម្ភារមួយចំនួនទៀត។
រីឯទីតាំងទី៣ និងទី៤ស្ថិតក្នុង បុរី-BS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ (ស្រី ៣នាក់) ជនជាតិខ្មែរចំនួន ៣នាក់ និងជនជាតិវៀតណាម វត្ថុតាងចាប់យកកាំភ្លើងខ្លីចំនួន ១ដើម(មានគ្រាប់ចំនួន ១១គ្រាប់), ម្សៅ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់តូច, ម៉ូតូចំនួន ៣គ្រឿង, ប្រាក់ដុល្លារចំនួន ១១០ដុល្លារ, ប្រាក់រៀលចំនួន ៩១ ៥០០រៀល, រថយន្តចំនួន ១គ្រឿង, គ្រាប់ពណ៌ ស ក្នុងកូនថង់ចំនួន ៩៤គ្រាប់ និងសម្ភារមួយចំនួនទៀត។
ទីតាំងទី៥. ផ្ទះវីឡាមួយកន្លែងម្តុំផ្លូវខ្សែកាប ស្ថិតនៅក្រុម៩ ភូមិ៥ សង្កាត់៤ ឃាត់ខ្លួនមនុស្សចំនួន ៨នាក់ ជនជាតិចិន ៧នាក់ជនជាតិវៀតណាមម្នាក់(ស្រី) វត្ថុតាងចាប់យក កញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់, ទូរសព្ទដៃចំនួន ៩គ្រឿង, ប្រាក់ចិនចំនួន ៨០០យ័ន, ប្រាក់ដុល្លារចំនួន ៤០២ដុល្លារ, ប្រាក់រៀលចំនួន ១២០ ០០០រៀល , ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ ១S-៩៩៨២ ចំនួន ១គ្រឿង, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ដោយឡែក ទីតាំងទី៦. សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់៤ ឃាត់ខ្លួនមនុស្ស ចំនួន១នាក់ (ស្រី) ជនជាតិវៀតណាម វត្ថុតាងចាប់យក ម្សៅកញ្ចប់ចំនួន២កញ្ចប់, ប្រាក់ដុល្លារចំនួន ៧ ៥២០ដុល្លារ, ទូរសព្ទដៃចំនួន ១គ្រឿង និងទីតាំងទី៧ ហាងតែចិន ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ជនជាតិចិន២នាក់ ជនជាតិវៀតណាម ១នាក់ (ស្រី) វត្ថុតាងចាប់យក រថយន្តម៉ាករ៉េងរូវើពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២AA-៧២៧៩, គ្រាប់កាំភ្លើង១គ្រាប់, ម្សៅពណ៌ចម្រុះចំនួន ២០កញ្ចប់, ម៉ាស៊ីនវិចខ្ចប់ម៉ាក Ming Chuan ២គ្រឿង, ទូរសព្ទដៃ ៨គ្រឿង, ប្រាក់ដុល្លារចំនួន ៧ ០១០ដុល្លារ, ប្រាក់រៀលចំនួន៤៦៩ ០០០ រៀល, ទូរសព្ទដៃចំនួន ៤គ្រឿង, ប្រាក់ដុងចំនួន ៧ ៥០០ដុង, ប្រាក់យ័នចំនួន ២០០យ័ន, ប្រាក់បាតចំនួន ៥ ០២០ បាត និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងដំណើរការនីតិវិធីច្បាប់៕
Post a Comment