ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣

បាត់ដំបង ៖ នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បញ្ជាក់ថា លទ្ធផលសម្រេចបានរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង នាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្ត ការតស៊ូព្យាយាមខិតខំជំនះរាល់បញ្ហានានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មការងារអប់រំ បណ្ដុះបណ្តាល កីឡា ការងារសង្គម បរិស្ថាន វប្បធម៌ និងសាសនា ជាពិសេសការងារសប្បុរសធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយការរីករាលដាល នៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការចូលរួមសហការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមក។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សង្ក្រាន្តបាត់ដំបង ២០២៣ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងបានរៀបចំនៅខែមេសា ខាងមុខ គឺស្របជាមួយគ្នានឹងឆ្នាំទី១០ ដែលសហភាពសហព័ន្ធយុវជន កម្ពុជា បានប្រារព្ធធ្វើសង្ក្រាន្តឡើងវិញ នៅទូទាំងប្រទេស ជាពិសេសនៅទឹកដីខេត្តសៀមរាប គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលយើងបានរង់ចាំ ៦៤ឆ្នាំមកហើយ និង ២២ឆ្នាំទៀត ទើបយើងនឹងអាចធ្វើវាម្តងទៀត នោះគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅខែឧសភា ខាងមុខនេះ និងសូមឱ្យបងប្អូនជនរួមជាតិ បន្តរាប់ថយក្រោយ សម្រាប់ព្រឹត្តការណ៍នោះផងដែរ។
ឯកឧត្តម ស សុខា បានបន្តទៀតថា ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ ក៏ដូចជាមន្ទីរនានាជុំវិញខេត្ត ប្រារព្ធកម្មវិធីនេះឡើងក្នុងគោលបំណងលើកស្ទួយ និងជំរុញឱ្យយុវជនចូលរួមក្នុងសកម្មភាពកីឡា និងដើម្បីកៀរគរ ថវិកាគាំទ្រព្រឹត្តិការណ៍សង្គ្រាន្ត ជាពិសេសដើម្បីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងក្រៅខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹងអំពីព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៣ ក៏ដូចជាចូលរួមចំណែកបញ្ជ្រៀបយុទ្ឋនាការ Beyond the Games សម្រាប់កីឡាស៊ីហ្គេមផងដែរ។
ឯកឧត្តម ស សុខា ក៏បានជំរុញឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ងាកមកចាប់អារម្មណ៍សកម្មភាពអប់រំកាយ និងកីឡា ដូចដែលបានដាក់ចេញដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាយ៉ាងតិច ១ប្រភេទ ប្រចាំជីវិត”។
ឯកឧត្តម ស សុខា ក្នុងនាមអ្នកទទួលបន្ទុកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក៏ដូចជា គណៈកម្មការរៀបចំ និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត មេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកាក្តី និងសម្ភារៈក្តី ដល់គណៈកម្មការរៀបចំសង្ក្រាន្តបាត់ដំបង ២០២៣ ដើម្បីបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ព្រោះការរៀបចំព្រឹត្តិការណ៍នេះ វាជាផ្នែកមួយនៃការលើកកម្ពស់ប្រពៃណីដ៏ត្រចះត្រចង់របស់ជាតិ ក៏ដូចជាបង្ហាញ ជូននូវទស្សនីយ៍ភាពនានា ដែលជាវប្បធម៌របស់ខេត្ត ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែល មកទស្សនា និងលេងកំសាន្ត ខេត្តបាត់ដំបងយើង ដែលជាខេត្តទទួលបាននូវពានរង្វាន់ផ្កា រំដួល ៣ទង៕



















Powered by Blogger.