ជើងហោះហើរដំបូងពីសៀងហៃមកសៀមរាប បានចុះចតដោយសុវត្ថិភាព ក្រោយពន្យារពេលជាង២សប្តាហ៍
សៀមរាប៖ ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209I
ចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប បានចុះចតដោយសុវត្ថិភាពកាលពីយប់ថ្ងៃទី០៣ ខែមីនាឆ្នាំ ២០២៣។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាបបានដឹកនាំមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធទទួលស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ១៣២នាក់ ដែលធ្វើដំណើរតាមយន្តហោះប្រភេទ A320។
យ៉ាងណាមិញ បើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា ថ្លែងប្រាប់ SBM News បានឱ្យដឹងថា ដំបូងជើងហោះហើរនេះគ្រោងមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញដោយសារតែកង្វះអ្នកដំណើរ ពោលគឺមិនគ្រប់ចំនួនកំណត់។
គួររំលឹកផងដែរថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ធ្លាប់បានលើកឡើងថា កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ៕
Post a Comment