អាមេរិក បញ្ចេញវីដេអូឃ្លីប នៃការប៉ះទង្គិច រវាងដ្រូនរបស់ខ្លួន និងយន្តហោះចម្បាំងរុស្ស៊ី
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនា បានបញ្ចេញវីដេអូ ដែលបង្ហាញពីការស្ទាក់ចាប់របស់រុស្ស៊ី ចំពោះដ្រូនឃ្លាំមើលយោធាអាមេរិក ដែលបានធ្លាក់នៅសមុទ្រខ្មៅកាលពីពីរថ្ងៃមុន។
ការទម្លាក់ដ្រូន MQ-9 របស់អាមេរិកកាលពីថ្ងៃអង្គារ គឺជាឧប្បត្តិហេតុផ្ទាល់លើកដំបូងរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដែលធ្វើឲ្យទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូកាន់តែអាក្រក់ទៅៗ។
នៅក្នុងវីដេអូ យន្តហោះចម្បាំង Su-27 របស់រុស្ស៊ី ត្រូវបានគេមើលឃើញ ចូលជិតដ្រូន ហើយបង្ហូរប្រេងជិតនោះ នៅក្នុងអ្វីដែលមន្ត្រីអាមេរិកនិយាយថា ជាកិច្ចខិតខំប្រឹងប្រែងយ៉ាងជាក់ស្តែង ដើម្បីបំផ្លាញដ្រូនអាមេរិកនៅពេលហោះហើរ។
វីដេអូស្រាប់តែដាច់សញ្ញា បន្ទាប់ពីយន្តហោះរុស្ស៊ីមួយគ្រឿងទៀតហោះមកជិត ដែលមន្ទីរបញ្ចកោណនិយាយថា បណ្តាលមកពីយន្តហោះរុស្ស៊ីបុកជាមួយដ្រូន។ វីដេអូនេះបញ្ចប់ជាមួយរូបភាពដែលបង្ហាញពីដ្រូនអាមេរិក ខូចស្លាប។
មន្ទីរបញ្ចកោណនិយាយថា វីដេអូដែលមានរយៈពេលប្រហែល៤០វិនាទីមួយនេះ ត្រូវបានកែសម្រួលដោយយោធាអាមេរិក ប៉ុន្តែបង្ហាញព្រឹត្តិការណ៍តាមលំដាប់លំដោយ។
ប្រទេសរុស្ស៊ី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា យន្តហោះរបស់ខ្លួនបានធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នក្នុងឧប្បត្តិហេតុកាលពីថ្ងៃអង្គារ ហើយជំនួសមកវិញបានស្តីបន្ទោសការធ្វើសមយុទ្ធមុតស្រួច ដោយដ្រូនអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា “រុស្ស៊ីបាននិយាយកុហកអំពីអ្វីដែលកើតឡើង ឬអ្វីដែលមិនបានកើតឡើង។ ច្បាស់ណាស់ នៅពេលអ្នកមើលវីដេអូនេះ យន្តហោះចម្បាំងបានបុកដ្រូនរបស់យើង”៕
សូមទស្សនាវីដេអូ៖
Post a Comment