ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖ 

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទំនាយទាយថារាល់កិច្ចការដែលល្អក់កករទាំងប៉ុន្មាននៅក្នុងថ្ងៃចាស់ នឹងផ្លាស់ប្រែមកជាល្អប្រសើរឡើងវិញនៅក្នុងថ្ងៃនេះ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺល្អូកល្អិនប្រៀបដូចជាទឹកនិងត្រី ហើយស្រស់បំព្រងដូចព្រៃព្រឹក្សាត្រូវសន្សើមនាពេលព្រឹកព្រលឹម។ 

ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ លោកអ្នកប្រហែលជាមានគម្រោងអ្វីមួយ ប៉ុន្តែមានគំនិតសង្ស័យថាវាមិនអាចទៅរួចមែនទេ? កុំបារម្ភអី ក្នុងថ្ងៃនេះ ការងាររបស់អស់លោកអ្នកនឹងសម្រេចចេញជាលទ្ធផលល្អប្រសើរដូចក្ដីរំពឹងទុក។ គ្រាន់តែមានជំនឿចិត្ត នោះការងារអ្វីក៏រលូនដែរសម្រាប់អស់លោកអ្នក។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ។

ឆ្នាំខាល៖(ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី មធ្យម ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ សូមគិតគូរឱ្យបានល្អិតល្អន់ ព្រោះថាការសម្រេចចិត្តលឿនពេកអាចនាំរឿងសៅហ្មងចំពោះខ្លួននិងក្រុមគ្រួសារ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែមជាមួយគ្នា ដូចសព្វមួយដង។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី មធ្យម។ ថ្ងៃនេះទំនាយទាយថា លោកអ្នកនឹងជួបរឿងរ៉ាវជាច្រើនក្នុងជីវិត មានទាំងរឿងល្អនិងមិនល្អ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោកអ្នកគ្រាន់តែរក្សាសភាពចិត្តឱ្យបានស្ងប់ ឆ្លើយតបនឹងបញ្ហាដោយសតិ និងបញ្ញានោះអ្វីគ្រប់យ៉ាងនឹងល្អប្រសើរ។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺនឹងគ្មានបញ្ហាអ្វីនោះទេ បើសិនជាលោកអ្នកកាន់ចិត្តខន្តី។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះធ្លាក់ចុះ។ ក្នុងថ្ងៃនេះ ទំនាយទាយថា លោកអ្នកនឹងជួបរឿងធុញថប់ស្មុគស្មាញព្រោះតែការងារនិងគ្រួសារ គឺអាចនឹងមានរឿងសៅហ្មងជាក់ជាមិនខាន។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ ល្អបង្គួរ។ ទំនាយទាយថា បើទោះបីជាមានផ្លូវជាច្រើនដែលលោកអ្នកត្រូវធ្វើដំណើរក្នុងជីវិត ប៉ុន្តែដោយសារតែការគិតបែបសុទិដ្ឋិនិយម នោះផ្លូវដែលលោកអ្នកសម្រេចចិត្តថាជ្រើសរើសគឺជាផ្លូវដ៏ត្រឹមត្រូវបំផុត។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា គឺមានតែភាពកក់ក្ដៅនិងការយល់ចិត្ត។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីមធ្យម។ ទំនាយទាយថា រាល់ការទំនាក់ទំនង និងរបរជួញដូរផ្សេងៗបើទោះបីជាមិនសូវរីកចម្រើន តែក៏មិនជាចំណេញអ្វីជាដុំកំភួន។ ដូច្នេះ ចូរប្រកាន់ចិត្តឱ្យធ្ងន់ ហើយគ្រាន់តែសម្រួលអារម្មណ៍ ធ្វើកិច្ចការឱ្យអស់ពីចិត្តគឺជារឿងដែលល្អបំផុត។ ចំពោះបញ្ហាគ្រួសារនិងស្នេហា គឺចុះសម្រុងគ្នាជាធម្មតា។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី មធ្យម។ ទំនាយទាយថា លោកអ្នកនឹងជួបរឿងហ្មងសៅបន្តិចបន្ទួច។ ចូរមានចិត្ត អត់ធ្មត់ ខន្ដី ដោះស្រាយបញ្ហាដោយសន្តិវិធី។ ចំពោះរង្វង់គ្រួសារ និងស្នេហា គឺមានភាពប្រសើរឡើង ប្រសិនជាកាន់ចិត្តខន្តី។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា លោកអ្នកត្រូវបានភ្ជាប់ទៅនឹងអ្វីមួយដែលធ្វើឱ្យអ្នករឹងមាំជានិច្ច ទាំងពេលនេះនិងទៅថ្ងៃខាងមុខ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺល្អូកល្អិនត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី មានតែភាពសុខដុមរមនា។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី មធ្យម។ ទំនាយទាយថា លោកអ្នកនឹងមានបញ្ហាស្មុគស្មាញគិតមិនចេញព្រោះតែបានរៀបផែនការជីវិតជាច្រើន តែមិនបានសម្រេចអ្វីជាដុំកំភួនសោះ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមិនមានបញ្ហាល្អក់កករអ្វីនោះទេ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីធ្លាក់ចុះ។ ទំនាយទាយថាលោកអ្នកជួបតែរឿងស្មុគស្មាញ ខ្វល់ខ្វាយចិត្ត រសាប់រសល់មិនស្រឡះក្នុងខ្លួន។ ប៉ុន្តែ បញ្ហានេះ មិនមែនពិបាកដល់ថ្នាក់កែខៃមិនបាននោះទេ គឺលោកអ្នកគ្រាន់តែ ចាប់ផ្ដើមប្រមូលរករឿងរ៉ាវល្អៗដែលធ្វើឱ្យលោកអ្នកបានសប្បាយចិត្តត្រឡប់មកវិញ។ ចំពោះស្នេហានិងគ្រួសារ គឺនឹងល្អប្រសើរ ប្រសិនជាលោកអ្នកហ្វឹកហាត់ចិត្តឱ្យស្ងប់បាន។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ មធ្យម។ តាមទំនាយទាយថា បើសិនជាលោកអ្នកមិនមានអារម្មណ៍ល្អជាមួយការងារ ហើយមានការធុញទ្រាន់ អ្នកគួរតែល្មមដល់ពេលក្នុងការផ្លាស់ប្ដូរវាហើ ចំពោះរឿងគ្រួសារ និងស្នេហា គឺនឹងល្អប្រសើរ ប្រសិនជាលោកអ្នកកាន់ចិត្តខន្តីនៅក្នុងខ្លួន៕

Powered by Blogger.