ឯកឧត្តម ស សុខា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជិត ២ពាន់នាក់ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
សៀមរាប ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី ចំនួន ១ ៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប។
បើតាមរបាយការណ៍របស់លោកបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ សាកលវិទ្យាល័យ បានសម្រេចបានសមិទ្ធផលជាច្រើនទាក់ទងទៅនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិត ចំនួន ១៩ ៩៩៧នាក់ និងបានបញ្ចប់ការសិក្សាសរុប ចំនួន ៧ ៦៤៤នាក់ ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារក្នុងការចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអនុវត្តនយោបាយឯកជនភាវូបនីយកម្មក្នុងវិស័យអប់រំ ជាពិសេសថ្នាក់ឧត្តមសិក្សា ចាប់តាំងពីឆ្នាំ១៩៩៦ មក។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងមូលដ្ឋានឆ្ពោះទៅសំរេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ ។ គិតមកដល់ឆ្នាំ២០២៣ នេះ យើងមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៧ និងរដ្ឋ ចំនួន ៤៨ ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល (Tax on Income) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment Tax on Income) ពន្ធអប្បបរមា ( Minimum Tax ) អាករលើតម្លៃបន្ថែម (Value Added Tax) និងពន្ធកាត់ទុកលើសេវាការប្រាក់ (Withholding tax on interest) និងភាគលាភ (Dividend) ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តកំណែទម្រង់វិស័យឧត្តមសិក្សា ឆ្នាំ២០១៨-២០២៣ រួមមាន ៖ ការជំរុញឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន រៀបចំក្របខណ្ឌកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងការវិវត្តឧស្សាហកម្មសេដ្ឋកិច្ចសង្គមឌីជីថល ការស្រាវជ្រាវ នវានុវត្តន៍ និងការលើកទឹកចិត្តមជ្ឈមណ្ឌលស្រាវជ្រាវ ឧត្តមភាព និងការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងវាយតម្លៃគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានស្នើដល់គណៈគ្រប់គ្រង បុគ្កលិក សាស្រ្តាចារ្យសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បន្តខិតខំពុះពារជំនះរាល់ឧបសគ្គ រួបរួមគ្នាក្នុងទិសដៅបន្តអភិវឌ្ឍសាកលវិទ្យាល័យមួយនេះ ឲ្យកាន់តែឈានឡើងទៅរកភាពរីកចម្រើនថែមទៀត ដើម្បីប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលនិស្សិតកម្រិតជាតិនិងអន្តរជាតិ អោយក្លាយទៅជាពលរដ្ឋសាកល ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវ: ការទទួលខុសត្រូវក្នុងការងារ និងសង្គម ដើម្បីបម្រើប្រជាជន និងសង្គមជាតិដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង។
ជាចុងក្រោយ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ប្អូនៗជ័យលាភីទាំងអស់ ត្រូវយកគុណវុឌ្ឍិ ដែលទទួបាននាពេលនេះទៅប្រើប្រាស់ក្នុងជីវភាពប្រកបដោយការរីកចម្រើន និងសុភមង្គល ហើយសូមនឹកឃើញដើមឈើដែលដុះនៅក្នុងសួនច្បារសន្តិភាពនេះ បានផ្ដល់ជាម្លប់ ផ្លែ និងសម្រស់សម្រាប់ជីវិតនៅក្នុងសង្គមទៅអនាគត៕
Post a Comment