ក្រសួងរកឃើញអ្នកបើកបររថយន្តបញ្ច្រាសលើផ្លូវល្បឿនលឿន ធ្វើការអប់រំ និងផាកពិន័យ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកឃើញអ្នកបើកបររថយន្តបញ្ច្រាសទិសចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ហើយបានឃាត់ខ្លួន ដើម្បីធ្វើការអប់រំ និងផាកពិន័យទៅតាមច្បាប់។

យោងតាមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថថា កាលពីថ្ងៃទី១៩ និង២០ ខែមីនា មានរថយន្តចំនួន ២គ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បន្ទាប់មកក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។

ក្រសួងបានបន្តថា ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេវាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ជាមួយនេះ ក្រសួងសូមអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា ៕




Powered by Blogger.