ពលករ៧នាក់លួចឆ្លងដែនខុសច្បាប់ទៅថៃត្រូវបានឃាត់ខ្លួន

បន្ទាយមានជ័យ៖ ពលករប្រុស ស្រី ចំនួន៧នាក់ លួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួនបាន នៅវេលាម៉ោង១១ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

កាឃាត់ខ្លួនពលករលួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសច្បាប់នេះ ធ្វើឡើងនៅពេលអាជ្ញាធរចុះល្បាតត្រង់ចំណុចមាត់អូរព្រំដែនស្ថិតក្នុងភូមិសាស្ត្រភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការបបានបញ្ជាក់ថា ពលករត្រូវបានឃាត់ខ្លួនមានចំនួន៧នាក់ (ស្រី៣នាក់)។ ពលករ៤នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ១នាក់រស់នៅខេត្តកំពត ២នាក់ រស់នៅខេត្ត កំពង់ចាម។ មេខ្យល់មានចំនួន១នាក់ ឈ្មោះ ច្រឹក សំអ៊ី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពលករបាននិយាយថា ពួកគាត់គ្រោងនឹងចេញឆ្លងដែនទៅរកការងារជាកម្មករ​នៅក្នុងប្រទេសថៃ​ហើយឆ្លងដែនតាមច្រករបៀងក៏ត្រូវសមត្ថកិច្ចបាប់បានតែម្ដង។ បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀត ពលករទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តទៅតាមនីតិវិធីបន្ដ។

ពលករដែលលួចឆ្លងដែនចូលទៅប្រទេសថៃរកការងារខុសច្បាប់ទាំងប្រថុយប្រថាននេះ ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាត្រូវទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុក និងធ្វើទារុណកម្ម ជិះរថយន្តរត់គេចពីការតាមចាប់ខ្លួនរបស់ទាហានថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ជាដើម៕


Powered by Blogger.