នគរបាលចាប់ខ្លួនឧកញ៉ាម្នាក់ពាក់ពន្ធ័ករណី «ឆបោក»
កំពង់ចាម) ៖ នគរបាលចាប់ខ្លួន ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ដោយអនុវត្តតាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក»។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពពីមន្រ្តីនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំលុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងបណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំមេរ៉ាសុវត្ថិភាពចំនួន០២គ្រឿង, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។
បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកជនសង្ស័យ រួមនិងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី៕
Post a Comment