ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖    

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ មធ្យម ។ លោកអ្នកអាចនឹងជួបរឿងមួហ្មងខ្លះៗ តែមិនថ្វីទេព្រោះនៅជិតខ្លួនអ្នកនឹងមានមនុស្សល្អជួយដោះស្រាយ អាចជាមតិយោបល់ ហើយអនុវត្តទៅនឹងមានប្រសិទ្ធភាព ។ សម្រាប់គ្រួសារ និងស្នេហា មានភាពចុះសម្រុងដូចជាសព្វមួយដង។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ល្អបង្គួរ។ លោកអ្នកអាចនឹងមានមនុស្សតាមជួយយកអាសារ ធ្វើការងារអ្វីក៏សម្រេច គ្រាន់តែតឹងបន្តិច ។ ចំពោះអ្នករកស៊ី កាក់កបខ្លាំង តែត្រូវហត់បន្តិច ។ ហាមដើរឆ្ងាយពីផ្ទះ និងផឹកស៊ីដល់យប់ជ្រៅ ។ ចំពោះរឿងគ្រួសារ និងស្នេហា ផ្អែមល្ហែម និងយល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ធ្លាក់ចុះ ។ លោកអ្នកអាចនឹងមានមនុស្សតាមជាន់ពន្លិច តាមផ្ចាញ់ផ្ចាល ដូច្នេះត្រូវតែប្រយ័ត្នប្រយែង គិតមុខក្រោយឱ្យបានសព្វជ្រុងជ្រោយមុននឹងជឿសម្ដីនរណាម្នាក់ ។ ចំពោះគ្រួសារ និងស្នេហា អាចនឹងមានភាពរកាំរកូស ឈ្លោះទាស់ទែងគ្នា បើមិនចេះអត់ឱនអាចឈានទៅដល់ផ្លូវបែកបាក់ ។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ធ្លាក់ចុះ ។ លោកអ្នកអាចនឹងប្រឈមមុខជាមួយបញ្ហាជាច្រើននៅថ្ងៃនេះ គប្បីចេះសម្មាធិក្នុងចិត្ត រម្ងាប់អារម្មណ៍ហ្មងសៅ ហើយគិតរឿងល្អៗ បើពុំដូច្នេះទេ ភាពតាមតឹងនឹងកើតមាន ចាប់ការងារអ្វីក៏មិនកើត អាចនឹងត្រូវចៅហ្វាយនាយស្ដីបន្ទោស ហើយបើជាអ្នករកស៊ី អាចបាត់បង់ប្រាក់ចំណូល ខាតដើមចុង ទៀតផង ប្រសិនបើអាណិតគេជាងអាណិតខ្លួនឯង ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានជម្លោះ រកាំរកូសបន្តិចបន្តួច ។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកអាចនឹងសម្រេចបាននូវក្ដីប្រាថ្នារបស់អ្នក ដែលតែងតែគិតទុកជាយូរណាស់មកហើយ ។ ភាពសប្បាយរីករាយនឹងកើតមានក្នុងជីវិត ទាំងការងារ និងការរកស៊ី ជួបតែភាពជោគជ័យ ចម្រុងចម្រើន ។ ឯរឿងគ្រួសារ និងស្នេហា មានតែភាពត្រជាក់ត្រជុំ ផ្អែមល្ហែម ដូចស្រមោចនិងស្ករ ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងបានជួបអ្នកមានបុណ្យមកក្នុងជីវិត ហើយតែងតែជួយអ្នករាល់កិច្ចការលំបាកទាំងឡាយ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ ។ ថ្ងៃនេះឧបសគ្គជាច្រើន នឹងមកតោងទាមក្នុងការងារប្រចាំថ្ងៃរបស់អ្នក ធ្វើអ្វីក៏មិនសម្រេច មិនថាទាំងការងារក្នុងក្រុមហ៊ុន ឬស្ថាប័នសាធារណៈ ក៏ដូចជារបររកស៊ីផងដែរ ។ ដោយឡែកសម្រាប់រឿងគ្រួសារ និងស្នេហា មិនមានរកាំរកូស ឬបញ្ហាណាមួយឡើយ គ្រាន់តែមិនមានភាពរីករាយប៉ុណ្ណោះ ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ ។ លោកអ្នកអាចបំពេញការងារ រកស៊ី បានទៅដោយរលូន និងប្រកបដោយភាពរីករាយ ព្រោះនឹងទទួលបានកាដូ ឬរង្វាន់លើកទឹកចិត្តពីនរណាម្នាក់ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានងតែភាពផ្អែមល្ហែម និងយល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ល្អបង្គួរ ។ មានរឿងលំបាកជាច្រើនដែលលាក់ទុកក្នុងចិត្ត តែវានឹងអាចដោះស្រាយបានប្រសិនបើអ្នកទម្លាយចេញមកក្រៅ ព្រោះមនុស្សក្បែរខ្លួនអ្នកចាំជួយ ចាំគាំទ្រជានិច្ច ។ ហាមដើរឆ្ងាយផ្ទះ ត្រូវយកចិត្តទុកដាក់ជាមួយគ្រួសារ និងស្នេហា ទើបមិនមានភាពរកាំរកូសកើតឡើង ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ធ្លាក់ចុះ ។ ថ្ងៃនេះមានតំណមច្រើនសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកា ដើម្បីជៀសវាងពីគ្រោះថ្នាក់ធំ ។ ហាមចេញក្រៅផ្ទះ ហាមសេពគ្រឿងស្រវឹងជ្រុលដល់ថ្នាក់បាត់បង់ទំនួលខុសត្រូវ ហាមបញ្ចេញមតិយោបល់ច្រើន ទៅកាន់អ្នកដទៃ ។ ចំពោះរឿងគ្រួសារ និងស្នេហា នឹងមានភាពរកាំរកូសតិចតួច ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីស្ថិតនៅ ឡើងខ្ពស់ ។ លោកអ្នកនឹងទទួលបានលាភសក្ការច្រើនពីមនុស្សជុំវិញខ្លួន និងឱកាសថ្មីៗ ល្អៗ ជាច្រើន ហើយប្រសិនបើជាអ្នកធ្វើការបុគ្គលិកមន្ត្រីរាជការ អាចនឹងបានឡើងតំណែង ហើយបើជាអ្នករកស៊ី ក៏អាចនឹងមានលុយកាក់ហូរចូលដូចទឹកបាក់ទំនប់ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ល្អូកល្អិន ត្រជាក់ត្រជុំ ដូចទឹកអម្រឹត ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ល្អបង្គួរ ។ លោកអ្នកអាចបំពេញកិច្ចការងារ រកស៊ី បានប្រកបដោយភាពជោគជ័យ បើជាអ្នករកស៊ី នឹងទទួលបានលាភសក្ការច្រើនគួរសម ។ ធ្វើដំណើរទៅទីជិតទីឆ្ងាយ ក៏ជួបតែសំណាងល្អ ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានការរកាំរកូសឡើយ ៕

Powered by Blogger.