សមត្ថកិច្ចក្របួចបានក្មេងទំនើង១ក្រុម ក្រោយច្បាំងគ្នានៅសួនច្បារសម្តេចស ខេង ក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ បន្ទាប់ពីមានក្មេងទំនើង០២ក្រុម ដែលបង្កហិង្សាយ៉ាងអនាធិបតេយ្យនៅលើសួនច្បារសម្ដេចក្រឡាហោម ស ខេង ក្នុងក្រុងបាត់ដំបង កាលពីយប់ទៀបភ្លឺថ្ងៃទី៩មីនា ពេលនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានមួយក្រុមដែលមានបក្ខពួក០៤នាក់ ខណៈមួយក្រុមទៀតដែលមានបក្ខពួកយ៉ាងតិចពី៧ទៅ៩នាក់ កំពុងសម្ងំលាក់ខ្លួន...។
![](https://sbm.news/api/files/images/sbm-ar1COIhR6ChRLdUIz7Ax1.png)
ជនទំនើងទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនបានរួមមាន៖ ទី១.ឈ្មោះ ពេជ្រ សកល ហៅ ឃ្លូ អាយុ១៩ឆ្នាំ ទី២.ឈ្មោះ លីន ចាន់ខេង អាយុ១៩ឆ្នាំ ទី៣.ឈ្មោះ សុវណ្ណ វិច្ឆ័យ អាយុ២៤ឆ្នាំ ទាំង៣នាក់នេះ រស់នៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង និងទី៤.ឈ្មោះ ចៅ ប៊ុនឡុង អាយុ២៣ឆ្នាំ នៅភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ក្រុមនេះកំពុងត្រូវបានឃាត់ខ្លួន ដើម្បីសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលទំនងអាចនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។
លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ក្រុមក្មេងទំនើងចំនួន០៤នាក់ជាក្រុមតែមួយ ត្រូវបានឃាត់ខ្លួននាំទៅកាន់ស្នងការខេត្ត ដើម្បីសាកសួរនាំហើយ។ លោកបានបញ្ជាក់ថា ក្រុមក្មេងទំនើងចំនួន០៤នាក់ គឺជាភាគីម្ខាង ចំណែកភាគីម្ខាងទៀត ដែលមានគ្នាពី៧ទៅ៩នាក់ កំពុងសម្ងំលាក់ខ្លួនក្រោយពីដឹងថា កម្លាំងរបស់លោកកំពុងតាមប្រមាញ់។ បើតាមគោលការណ៏របស់លោកស្នងការ និងតំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមជនទំនើងទាំង០៤នាក់នេះ អាចនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ដោយឡែក នៅសល់មួយក្រុមទៀត លោកស្នងការចេញបញ្ជាដាច់ខាត ឱ្យកម្លាំងរបស់លោកតាមក្របួចកឱ្យខាងតែបាន បើទោះជាពួកគេគេចខ្លួនដល់ជើងមេឃក្ដី។ ព្រោះពួកគេ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងបំផ្លាញមុខមាត់ខេត្តរំដួល៣ទងមួយនេះសម្បើមដៃណាស់។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឈឿង គឹមសុង។
![](https://sbm.news/api/files/images/sbm-wEj3DAH5F61SI0iwDDAyq.png)
តាមចម្លើយសារភាពរបស់ជនទំនើងទាំង០៤ ដែលត្រូវឃាត់ខ្លួន បានទទូលស្គាល់ថា ក្រុមខ្លួនពិតជាបានវាយតបគ្នាជាមួយភាគីម្ខាងទៀត ដែលមានគ្នាពី៧ទៅ៩នាក់។ ជនទំនើងទាំង០៤ ក៏បានប្រាប់មូលហេតុ ដែលនាំឱ្យពួកគេជិះម៉ូតូចេញវាយតប់គ្នាយ៉ាងដូច្នេះថា «ពុំមានរឿងអ្វីជាដុំកំភួនទេ គឺអំពើហិង្សានេះផ្ដើមចេញពីមើលមុខគ្នាទៅវិញ ទៅមក ក្នុងន័យឌឺដងដាក់គ្នា ក៏ផ្ទុះជាកំហឹងរហូតជិះតាមគ្នា លុះមកដល់ក្បាលស្ពាន ក៏ឈប់វាយគ្នា រត់ពេញសួនតែម្ដង»។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣ៈ៤០នាទីទៀបភ្លឺថ្ងៃទី០៩មីនា មានក្រុមក្មេងទំនើងចំនួន០២ក្រុម បានដេញវាយតប់គ្នាយ៉ាងអនាធិបតេយ្យ នៅលើសួនច្បារសម្ដេចក្រឡាហោម ស ខេង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត០១នាទី ដែលគេអះអាងថា ថតផ្ទាល់ដោយអ្នករត់ម៉ូតូឌុបពេលយប់ បានបង្ហាញពីសកម្មភាពក្រុមជនអន្ធពាលទាំង០២ក្រុមនោះ ដេញវាយគ្នាយ៉ាងឃោរឃៅរត់ឡើងលើសួនច្បារ។ គេមិនដឹងថា ក្រុមក្មេងទំនើងទាំង០២ក្រុមនេះ ជិះម៉ូតូដេញគ្នាពីណាមកទេ តែពួកគេមកឈប់នៅក្បាលស្ពាន សម្ដេចក្រឡាហោមត្រើយខាងកើត រួចចុះពីលើម៉ូតូដេញវាយគ្នាតែម្ដង៕ រាយការណ៍ដោយ៖ សុខ វិឆ័យ
![](https://sbm.news/api/files/images/sbm-7QXB4r0XptFH2twuArFrM.jpg)
Post a Comment