១០ឆ្នាំចុងក្រោយនេះ រដ្ឋប្រមូលចំណូលបានល្អ ឆ្លើយតបបាននឹងបញ្ហាប្រឈមមិនធ្លាប់មាន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វាយតម្លៃថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារបានល្អ។ ការប្រមូលចំណូលបានល្អ បានផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល ឆ្លើយតបបាននូវបញ្ហាប្រឈមមិនធ្លាប់មាន ដូចជាវិបត្តិជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បង្កើតឱ្យមានសម្ពាធអតិផរណាជាដើម។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង នាចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដូច្នេះថា៖ «ការប្រមូលចំណូលរបស់គយ និងពន្ធដារ ពីរនេះស្មើនឹង៩០ភាគរយនៃចំណូលរបស់ជាតិសរុប លទ្ធផលនៃការងាររបស់យើងក្នុងផ្នែកនេះ បានផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល គ្រប់គ្រងសភាពការណ៍បាន ជាមួយនឹងការអភិវឌ្ឍ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន ដូចជា ជំងឺកូវីដ-១៩ ការពារអាយុជីវិតប្រជាពលរដ្ឋបាន បង្កើតភាពសុំាសហគមន៍បាន អនុញ្ញាតឱ្យយើងបើកប្រទេសឡើងវិញ សកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ ដែលជាប្រទេសមួយធ្វើកិច្ចការនេះ បានល្អជាងគេ មិនមែនត្រឹមតែក្នុងកម្រិតតំបន់ គឺកម្រិតសកលថែមទៀតផង»។

អគ្គនាយកដ្ឋានគយ
អគ្គនាយកដ្ឋានគយ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបន្ថែមថា៖ «ដោយសារតែយើងមានមរតកល្អប្រសើរ ក្នុងការកៀរគរចំណូលកន្លងមកអនុញ្ញាតឱ្យយើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមបាន មិនត្រឹមតែកូវីដ-១៩ទេ នៅក្រោយកូវីដ-១៩ យើងបន្តជួបការប្រឈមជាមួយបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សម្ពាធអតិផរណា ដែលតម្រូវឱ្យយើងយកចិត្តទុកដាក់ដោះស្រាយ ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋយើងបាន ដោយមួយឆ្នាំយើងចំណាយជិត៤០០លានដុល្លារ គ្រប់តែសម្រាប់ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋ ដែលនេះជាសារសំខាន់នៃការកៀងគរចំណូល»។

អគ្គនាយកដ្ឋានពន្ធដារ 
អគ្គនាយកដ្ឋានពន្ធដារ 

ជាមួយគ្នានោះ នៅចំពោះមុខស្ថានភាពនៃសេដ្ឋកិច្ចកិច្ចសកលមានភាពមិនប្រាកដប្រជាច្រើន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានណែនាំឱ្យស្ថាប័នប្រមូលចំណូលជាតិ ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការទប់ស្កាត់ និងដោះស្រាយ៕

Powered by Blogger.