រុស្ស៊ីនឹងផ្ដល់ស្បៀងអាហារដល់ប្រទេសកូរ៉េខាងជើងជាថ្នូរ នឹងការផ្ដល់សព្វាវុធត្រលប់មកវិញ
មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ចន ឃើប៊ី បានថ្លែងថា រុស្ស៊ី កំពុងបញ្ជូនគណប្រតិភូរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីផ្ដល់ស្បៀងអាហារ ជាថ្នូរនឹងអាវុធត្រលប់មកវិញ ។
លោក ចន ឃើប៊ី បានថ្លែងថា រាល់កិច្ចព្រមព្រៀងផ្នែកសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី គឺស្មើនឹងការបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ពីមុនៗមក សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា កំពុងផ្គត់ផ្គង់សព្វាវុធឲ្យទៅកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងក្រុមទាហានស៊ីឈ្នួល វែកន័រ ផងដែរ។ ប៉ុន្តែ កូរ៉េខាងជើងបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់នោះ ។លោក ចន ឃ៊ើបី បាននិយាយប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកបានទទួលព័ត៌មានថ្មីទាក់ទងនឹងកិច្ចព្រមព្រៀងថ្មីរវាងកូរ៉េខាងជើង និងរុស្ស៊ីនេះ ។
លោកបានបន្តថា សហរដ្ឋអាមេរិកកំពុងពិនិត្យតាមដានមើលស្ថានការណ៍នេះ ក៏ដូចជាកិច្ចព្រមព្រៀងខាងលើ ប្រកបដោយការយកចិត្តទុកដាក់បំផុត។
ប្រទេសកូរ៉េខាងជើងជាប្រទេសក្រីក្របំផុតមួយនៅក្នុងពិភពលោក ហើយបានជួបប្រទះនឹងបញ្ហាខ្វះស្បៀងអាហារជាប្រចាំរាប់ទសវត្សរ៍មកហើយ រាប់បញ្ចូលទាំងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរកាលពីពាក់កណ្ដាល រហូតដល់ចុងទសវត្សរ៍ ១៩៩០ ផង ។
កាលពីខែកុម្ភៈ មន្ត្រីជំនាញបានក្រើនរំលឹកថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ ដោយសារតែផលិតកម្មកសិកម្មមានការធ្លាក់ចុះ កើតមានពីបញ្ហាអាកាសធាតុ និងការរឹតបន្តឹងតាមច្រកព្រំដែន ក៏ដូចជាឥទ្ធិពលនៃទ័ណ្ឌកម្មអន្តរជាតិផង។
រូបភាពផ្កាយរណបពីប្រទេសកូរ៉េខាងត្បូង បានបង្ហាញថា ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ ២០២២ ផលិតស្បៀងអាហារតិចជាងឆ្នាំ ២០២១ រហូតដល់ទៅ ១៨ ម៉ឺនតោន។
កាលពីថ្ងៃព្រហស្បតិ៍ទៀតសោត ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានដាក់បុរសជនជាតិស៊ុយអែដមួយរូបក្នុងបញ្ជីខ្មៅ ដោយបានដើរតួជាមេអណ្ដើករវាងរុស្ស៊ី និងកូរ៉េខាងជើង។ បុរសជនជាតិស៊ុយអែដ វ័យ ៥៦ ឆ្នាំនោះ បានរៀបចំឲ្យមានការលក់ដូរ និងរៀបចំកិច្ចព្រមព្រៀងឲ្យកូរ៉េខាងជើងដឹកជញ្ជូនអាវុធទៅឲ្យរុស្ស៊ី នៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ ។
Post a Comment