រុស្ស៊ី​បាញ់​មីស៊ីល​​លឿន​ជាង​សំឡេង​ប្រឆាំង​នាវានៅ​ក្នុង​សមុទ្រ​ជប៉ុន

ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញនៅថ្ងៃអង្គារ ទី២៨ ខែមីនានេះថា កងទ័ពជើងទឹករុស្ស៊ី បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងប្រឆាំងនាវាទៅកាន់គោលដៅសាកល្បងនៅសមុទ្រជប៉ុន។

ទីក្រុងមូស្គូបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីតេឡេក្រាម (Telegram) របស់ខ្លួនថា ៖«នៅក្នុងលំហដែនទឹកនៃសមុទ្រជប៉ុន នាវាចម្បាំងខ្នាតតូចប្រដាប់ដោយមីស៊ីលនៃកងនាវាចរប៉ាស៊ីហ្វិកបានបាញ់មីស៊ីលតម្រង់ទិស Moskit ទៅកាន់គោលដៅសាកល្បង»។ គោលដៅដែលមានទីតាំងនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ត្រូវបានវាយប្រហារដោយជោគជ័យដោយការបុកដោយផ្ទាល់ពីមីស៊ីលតម្រង់ទិស Moskit ចំនួនពីរគ្រាប់។

មីស៊ីល P-270 Moskit ឬ SS-N-22 Sunburn គឺជាមីស៊ីលរយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងដែលមានដើមកំណើតនៅសម័យសូវៀត ដែលមានសមត្ថភាពអាចបំផ្លាញនាវាក្នុងរយៈចម្ងាយរហូតដល់ ១២០ គីឡូម៉ែត្រ ។ ការបាញ់មីស៊ីលសាកល្បងនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីពីរគ្រឿងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរបានហោះលើសមុទ្រជប៉ុនអស់រយៈពេលជាង ៧ម៉ោង ខណៈដែលទីក្រុងម៉ូស្គូបានបញ្ជាក់ថា៖«វាជាការហោះហើរដែលបានគ្រោងទុក»។

ជុំវិញសកម្មភាពរបស់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន លោក Yoshimasa Hayashi បាននិយាយថា ទីក្រុងតូក្យូនឹងរក្សាការប្រុងប្រយ័ត្នចំពោះប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ខណៈលោកបានបន្ថែមថា មិនមានការខូចខាតណាមួយត្រូវបានរាយការណ៍បន្ទាប់ពីការបាញ់មីស៊ីលនោះទេ។មិនត្រឹមតែប៉ុណ្ណោះ លោក Hayashi បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃថា ៖«នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត កងកម្លាំងរុស្ស៊ីក៏កាន់តែសកម្មនៅក្នុងតំបន់ឆ្ងាយភាគបូព៌ា រួមទាំងតំបន់ជុំវិញរបស់ប្រទេសជប៉ុនផងដែរ»។

នៅពេលសួរអំពីផែនការរបស់រុស្ស៊ីជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស រដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនបានថ្កោលទោសទង្វើនេះ ហើយបានទាមទារឱ្យរុស្ស៊ី និងបេឡារុសបញ្ឈប់សកម្មភាពបែបនេះ៕


Powered by Blogger.