ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសអង្គសន្និបាត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាដរាប។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ គឺផ្ទៃដីប្រមាណបីលានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយ នឹងការប្រែប្រួលអាកាសធាតុ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សា​ការពារ​ទីតាំងវិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍ កសិកម្ម កម្ពុជា (CARDI) ឱ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ​ជាប៉ូលសេដ្ឋកិច្ចទី៤។ សម្ដេចតេជោ បានបញ្ជាក់ដែរថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន​ លើផ្នែកកសិ-ឧស្សាហកម្ម។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះ​មន្ត្រី​ជំនាញកសិកម្ម ដែលចុះ ទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទម្លាក់ទុនប្រមាណមួយរយលានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។

សម្ដេចតេជោ ហ៊ុន សែន ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ» ។

សម្ដេចតេជោ ស្នើឱ្យមានដំណោះស្រាយដល់ប្រជានេសាទ​នៅតំបន់​អភិរក្សផ្សោត ដោយផ្ដល់​ជា​បណ្ណក្រីក្រ​ ដើម្បីកាត់បន្ថយការនេសាទ​នៅតំបន់អភិរក្សនោះ ​ប៉ះពាល់ដល់និរន្តរភាពសត្វផ្សោយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលបំណងនាំគ្រាប់ស្វាយចន្ទីធំជាង​គេនៅ​លើពិភព​លោក​ ខណៈដែលបច្ចុប្បន្នការនាំស្វាយចន្ទីបានតួលេខក្រោយប្រទេសកូឌីវ័រ​ តែបន្តិចប៉ុណ្ណោះ៕  

Powered by Blogger.