ឥណ្ឌា-រុស្ស៊ី សម្លឹងមើលកិច្ចព្រមព្រៀងមីស៊ីលតម្លៃជាង ២០០លានដុល្លារ ជាមួយឥណ្ឌូណេស៊ី

ក្រុមហ៊ុនការពារជាតិដែលមានមូលដ្ឋាននៅឥណ្ឌា BrahMos Aerospace រំពឹងថានឹងសម្រេចបាននូវកិច្ចព្រមព្រៀងនៅឆ្នាំនេះ ដើម្បីលក់មីស៊ីលល្បឿនលឿនជាងសំឡេងទៅឥណ្ឌូណេស៊ី ដែលមានតម្លៃយ៉ាងហោចណាស់ ២០០ លានដុល្លារ ខណៈដែលទីក្រុងហ្សាកាតា (Jakarta) កំពុងសម្លឹងមើលការពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃពុធ ទី១៤ ខែមីនា។

BrahMos ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី បានសម្រេចកិច្ចព្រមព្រៀងបរទេសលើកដំបូងរបស់ខ្លួនកាលពីឆ្នាំមុនជាមួយនឹងការលក់មីស៊ីលប្រឆាំងនាវាដែលមានមូលដ្ឋានលើឆ្នេរចំនួន ៣៧៥ លានដុល្លារទៅឱ្យហ្វីលីពីន ដែលជាផ្នែកមួយនៃការជំរុញមហិច្ឆតារបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ក្នុងការនាំចេញផ្នែកសព្វាវុធការពារចំនួនបីដង។ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននឹងកំពុងធ្វើការចរចាជាមួយប្រទេសឥណ្ឌូណេស៊ី។

នាយកប្រតិបត្តិក្រុមហ៊ុន BrahMos Aerospace លោក Atul D. Rane បាននិយាយថា ខ្លួនកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយទីក្រុងហ្សាកាតា  លើកិច្ចព្រមព្រៀងដែលមានតម្លៃពី ២០០ លានដុល្លារ ទៅ ៣៥០ លានដុល្លារ ដែលខ្លួនបានផ្ដល់ជូនដើម្បីផ្គត់ផ្គង់មីស៊ីលនៅលើច្រាំង និងអាចច្នៃដាក់នៅលើនាវាចម្បាំងបានទៀតផង។ លើសពីនេះ លោក Rane បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសមួយថា ៖«នៅពេលនេះ ខ្ញុំមានក្រុមមួយនៅក្នុងទីក្រុងហ្សាកាតា ហើយកិច្ចព្រមព្រៀងអាចនឹងកើតឡើងក្នុងឆ្នាំនេះ ខណៈកងកម្លាំងការពារនៃប្រទេសឥណ្ឌូណេស៊ីមានការចាប់អារម្មណ៍យ៉ាងខ្លាំង»។ទោះយ៉ាងនេះក្ដី អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto កាលពីថ្ងៃពុធ ទី១៥ ខែមីនាបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយភ្លាមៗទេ ហើយបាននិយាយថាលោកចាំបាច់ត្រូវពិនិត្យមើលព័ត៌មានជាមុនសិន។

លោក Rane បានលើកឡើងថា ក្រុមហ៊ុនការពារជាតិ BrahMos ក៏មានបំណងលក់តាមលំដាប់លំដោយក្នុងទឹកប្រាក់ប្រហែល ៣០០ លានដុល្លារជាមួយប្រទេសហ្វីលីពីន ដែលមីស៊ីលរបស់ខ្លួនត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់កងទ័ពជើងទឹកហ្វីលីពីនចាប់ពីចុងឆ្នាំ ២០២៣ ។ មិនត្រឹមតែប៉ុណ្ណោះ លោក Rane បាននិយាយដោយសំដៅលើការលក់កាលពីឆ្នាំ ២០២២ ថា ៖«ហ្វីលីពីនខ្លួនឯងបានចង្អុលបង្ហាញយើងថានេះគ្រាន់តែជាឧបករណ៍បំបែកទឹកកកប៉ុណ្ណោះ ខណៈដែលពួកគេកំពុងសម្លឹងមើលប្រព័ន្ធការពារបន្ថែមទៀត»។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Atul D. Rane
លោក Atul D. Rane

យោងតាមទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ការពារជាតិ Janes បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលក្នុងដែនសមុទ្ររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងតំបន់ជុំវិញមួយចំនួន ឥណ្ឌូណេស៊ី និងហ្វីលីពីនបានបង្កើនការចំណាយរបស់ពួកគេលើការទិញអាវុធ និងឧបករណ៍យោធាផ្សេងៗទៀត។ ទិន្នន័យបង្ហាញថា ការវិនិយោគរបស់ឥណ្ឌូណេស៊ីក្នុងការទិញអាវុធថ្មីបានកើនឡើងជិត ២៨ ភាគរយក្នុងឆ្នាំ២០២១ និង ៦៩ ភាគរយក្នុងឆ្នាំ ២០២២ ខណៈដែលហ្វីលីពីនបានកើនឡើង ២៩ ភាគរយក្នុងឆ្នាំ ២០២១ និង ៤០ ភាគរយក្នុងឆ្នាំ ២០២២ ដែលខ្ពស់ជាងមធ្យមភាគនៅអាស៊ីអាគ្នេយ៍។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ លោក Akash Pratim Debbarma អ្នកវិភាគផ្នែកអាកាសចរណ៍ និងការពារជាតិនៅ GlobalData បានលើកឡើងថា ៖«ជម្លោះទឹកដីជាមួយប្រទេសចិន គឺជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន ដែលកំពុងជំរុញថវិកាការពារជាតិ ដើម្បីបំពេញតម្រូវការសន្តិសុខរបស់ពួកគេ»។មែនទែនទៅ ការទិញសម្ភារៈយោធាថ្មីរបស់អាស៊ីអាគ្នេយ៍ភាគច្រើនបានមកពីអ្នកផ្គត់ផ្គង់បែបប្រពៃណី រួមទាំងសហរដ្ឋអាម៉េរិក បារាំង និងរុស្ស៊ី ប៉ុន្តែឥណ្ឌា ដែលជាប្រទេសនាំចូលសព្វាវុធការពារដ៏ធំបំផុតរបស់ពិភពលោក ខណៈក្រុមហ៊ុន BrahMos កំពុងព្យាយាមបើកភ្លើងខៀវលក់សព្វាវុធការពារជាតិ។

នាយកប្រតិបត្តិក្រុមហ៊ុន BrahMos Aerospace បានសង្កត់ធ្ងន់ថា ៖«យើងទទួលបានទីផ្សារឆ្ពោះទៅមុខគ្រប់ប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ពីរដ្ឋាភិបាលឥណ្ឌា និងរដ្ឋាភិបាលរុស្ស៊ី»។ សូមរំឭកថា ក្រុមហ៊ុន BrahMos ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​អន្តររដ្ឋាភិបាល​ក្នុង​ឆ្នាំ ១៩៩៨ ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​អង្គការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ការពារ​ជាតិ​របស់​ប្រទេស​ឥណ្ឌា និង NPO Mashinostroyenia នៃ​ប្រទេស​រុស្ស៊ី។ ជាចុងក្រោយ លោក Rane បានអះអាងថា ការដាក់ទណ្ឌកម្មដឹកនាំដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ីសម្រាប់ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន មិនបានប៉ះពាល់ដល់ការផលិត ឬផែនការរបស់ក្រុមហ៊ុន BrahMos នោះទេ៕


Powered by Blogger.