អគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រឿង បន្លាស់រថយន្តមួយកន្លែង ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ មានអគ្គិភ័យឆាបឆេះមួយនៅ ទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត នៅចំណុច ភូមិបាយ៉ាប តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៨:២០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣។

ប្រភពព័ត៌មានពីពលរដ្ឋនៅជិតទីតាំងកើតហេតុណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញ មានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ស្រាប់តែភ្លាមៗនោះអណ្ដាតភ្លើងខ្មួលខ្មាញ់ កាន់តែខ្លាំងទៅខ្លាំងទៅ មិនអាចគ្រប់គ្រង បានក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរបានទំនាក់ទំនងទៅកម្លាំងនគរបាល ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យ​ដឹងថា​ ក្រោយទទួលបានព័ត៌មានលោកបានបញ្ជារថយន្ត គ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តទៅដើម្បីជួយបាញ់ពន្លត់។ លោកបន្តថា ក្នុងការជួយបាញ់ពន្លត់នេះអាជ្ញាធរ មានផលលំបាកដោយសារ តែទីតាំងឃ្លាំងមានច្រកបាញ់តែមួយផ្លូវ និងទីតាំងមានការបិទជិតថែមទាំងមាន របងថ្មព័ទ្ធជុំវិញផងដែរធ្វើឱ្យកម្លាំងជំនាញ លំបាកក្នុងការជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

យ៉ាងណាមិញក្នុងហេតុការណ៍ គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យខូចខាត ឃ្លាំងជញ្ជាំងថ្មប្រកសង្ហសី ទំហំ១៦ម៉ែត្រគុណ៣០ម៉ែត្រ រថយន្តម៉ាក កាមរីបាឡែន១គ្រឿង សម្ភារៈគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆេះអស់ទាំងស្រុងដោយប្រើ រថយន្តពន្លត់អគ្គិភ័យចំនួន ៣៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន។ សូមបញ្ជាក់ថា​ ចំពោះមូលហេតុកម្លាំងជំនាញសន្និដ្ឋាន ជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែទោះជាយ៉ាងណាកម្លាំងជំនាញនឹងបន្តធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនៅពេលក្រោយ៕


Powered by Blogger.