ព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ នៅកំពង់ស្ពឺ ពេលយប់ៗ ស្លៀកពាក់ខោអាវ បើកឡានដើរលេងនៅភ្នំពេញ!
Read News TV ៖ ព្រះសង្ឃមួយអង្គ ជាព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ ត្រូវបានគេប្រទះឃើញស្លៀកពាក់ខោអាវ ជិះរថយន្តស៊េរីទំនើប ដើរលេងពេលយប់ នៅភ្នំពេញ ដោយមិនគិតខ្លួនជាសង្ឃ។ ព្រះសង្ឃនោះ ត្រូវបានគេថតរូប ក្នុងសំលៀកបំពាក់ ជាគ្រហស្ថ នៅមុខមណ្ឌលកម្សាន្ត ណាហ្គា ក្នុងរាជធានីភ្នំពេញ។
បុរសដែលស្លៀកពាក់ជាស៊ីវិលនោះ និងត្រូវគេថតបាននោះ ត្រូវបានដឹង និងស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន ព្រះជន្មជាង ៣០ឆ្នាំវស្សា។ ព្រះចៅអធិការវត្តនេះ ត្រូវបានប្រជាពុទ្ធបរិស័ទ ប្រទះឃើញស្លៀកពាក់ខោអាវ ជិះរថយន្តម៉ាកធុនត្រា ដើរលេងពេលយប់ យ៉ាងរំភើយ ធ្វើឱ្យប្រជាពុទ្ធបរិស័ទ ស្រឡាំងកាំងគ្រប់គ្នា។
ការប្រទះឃើញព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ ស្ថិតនៅក្នុងឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លៀកពាក់ខោអាវ ជិះរថយន្តស៊េរីទំនើប ដើរលេងពេលយប់នៅភ្នំពេញនេះ បានកើតឡើង កាលពីរំលងអាធ្រាត្រ ថ្ងៃទី១ ខែមីនា ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។
ពុទ្ធបរិស័ទ ដែលរស់នៅម្តុំវត្តភ្នំកំពូលពេជ្រ និយាយថា លោកសង្ឃព្រះនាម ហេង សាវ៉ុន នេះមកធ្វើជាចៅអធិការវត្ត បានជាងកន្លះឆ្នាំតែប៉ុណ្ណោះ ហើយតែងតែមានរឿងអាស្រូវជាច្រើន ប៉ុន្តែមិនមានភស្តុងតាងណាមួយ កំណត់ពីការខូចខិលរបស់សង្ឃអង្គនោះឡើយ។
ប្រជាពុទ្ធបរិស័ទ មានការងឿងឆ្ងល់ដែរថា លោកសង្ឃ ហេង សាវ៉ុន មានរថយន្តស៊េរីទំនើប ម៉ាកធុនត្រា បើគិតជាតម្លៃវិញ មិនក្រោម ៣ម៉ឺន ទៅ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះឡើយ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ ចាប់អារម្មណ៍នោះទេ ទើបតែនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពុទ្ធបរិស័ទ បានឃើញលោកសង្ឃព្រះនាម ហេង សាវ៉ុន បើករថយន្តធុនត្រា ដោយខ្លួនឯង ហើយស្លៀកពាក់ខោអាវ ជាមនុស្សធម្មតាទៅវិញ។ ម្នាក់ៗ ហួសចិត្តគ្រប់គ្នា។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពុទ្ធបរិស័ទខាងលើនេះ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅលោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ។ លោកនិយាយថា ពិតជាមានរឿងនេះ ពិតមែន ព្រះរតនកោសល ហេង សាវ៉ុន ព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ លោកបានចេញពីវត្តស្លៀកពាក់ខោអាវ និងជិះរថយន្ត ម៉ាកធុនត្រា ផ្ទាល់ខ្លួនរបស់លោក តាំងពីយប់ម៉ោង ២ រហូតដល់រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ មិនទាន់ត្រឡប់ចូលវត្តវិញទេ។ មិនដឹងថា លោកគេចខ្លួន ទៅណានោះទេ។
លោក សម សោភ័ណ បានបន្តទៀតថា ក្នុងនាមលោកជាប្រធានមន្ទីរធម្មការ និងព្រះមេគុណខេត្ត បានចុះទៅដល់វត្តភ្នំកំពូលពេជ្រ ដើម្បីសួរនាំលោកដែរ ពាក់ព័ន្ធរឿងបញ្ហាផ្សេងៗ។ ប៉ុន្តែមិនបានជួបលោកសង្ឃអង្គនោះឡើយ។ ប្រហែលជាលោកដឹងខ្លួនខុសហើយ មិនហ៊ានចូលវត្តវិញផង ក៏មិនដឹង។
លោកប្រធានមន្ទីរធម្មការ និងព្រះមេគុណខេត្តកំពង់ស្ពឺ ក៏បានសម្រេចចិត្ត ជ្រើសរើសសង្ឃមួយអង្គ ដើម្បីឡើងធ្វើជាព្រះចៅអធិការស្តីទី នៅវត្តភ្នំកំពូលពេជ្រ ដើម្បីដឹកនាំវត្តភ្នំកំពូលពេជ្រ បន្តទៀត៕
Post a Comment