អត្តពលិកនិងប្រតិភូជាង៩០០០នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡា SEA GAMES 2023

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមីនានេះ មានកីឡាករ កីឡាការិនី និងប្រតិភូអមដំណើរកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ាន​ ប្រមាណជាង ៩០០០នាក់ ក្នុងនោះមានកីឡាករ កីឡាការិនីប្រកួតមានជិត ៥៥០០នាក់ បានចុះឈ្មោះចូលរួម ប្រកួតកីឡាSea Games និងកីឡា ASEAN PARA GAMES២០២៣ នៅកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC ថ្លែងប្រាប់ BTV ថា កម្ពុជានៅមិនទាន់បិទប្រព័ន្ធ​ចុះឈ្មោះទទួលកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 ទេ ហើយយើងរំពឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMESលើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំនេះ ​នឹងមានកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន១១ ចុះឈ្មោះចូលរួម​ប្រកួតកើនដល់៦០០០ទៅ ៧០០០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ការប្រកួតកីឡា SEA GAMES ដែលកម្ពុជារៀបចំធ្វើម្ចាស់ គឺបានរៀបចំវិញ្ញាសាប្រកួតចំនួន៥០៨វិញ្ញាសា ក្នុងចំណោមប្រភេទកីឡាចំនួន៣៦ បូករួមនឹងវិញ្ញាសាសម្ដែងមួយទៀត គឺ៣៧ប្រភេទកីឡា ខណៈវិញ្ញាសាការប្រកួតដំបូងគេ គឺវិញ្ញាសាបាល់ទាត់ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៩ ​ខែមេសាឆ្នាំ២០២៣។

ឯកឧត្តម បន្តថា នៅក្នុងចំណោមវិញ្ញាសាប្រកួតកីឡានោះ គឺមានវិញ្ញាសាមួយចំនួនរៀបចំ​នៅ​រាជធានី​ភ្នំពេញ ខ្លះប្រកួតនៅខេត្តសៀមរាប​ ខេត្តព្រះសីហនុ និងវិញ្ញាសាខ្លះទៀត​រៀបចំប្រកួតនៅខេត្តកំពត និងកែប។

សូមបញ្ជាក់ថា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 រាជរដ្ឋាភិបាលកម្ពុជា ​បានចំណាយថវិការៀបចំអស់ប្រមាណជាង ១០០លាន​ដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡា​ បង្កើនសមត្ថភាពកីឡាករ កីឡាការិនីនៅកម្ពុជា​នៅគ្រប់​សហព័ន្ធកីឡាចូលរួមប្រកួតផង និងការប្រើប្រាស់​កម្លាំង​មនុស្សធ្វើការងាររៀបចំ ​ប្រមាណជិត ១០០០០នាក់ ផ្តល់ការងារដោយប្រយោល​រាប់ពាន់នាក់​បន្ថែមទៀតផងដែរ៕

Powered by Blogger.