រដ្ឋមន្ត្រី​អ៊ុយក្រែន ទម្លាយថា មាន ពូទីន ក្លែងក្លាយ ទៅទស្សនកិច្ច​​ផ្ទាល់​នៅ​ក្រុងម៉ារីប៉ូល ​ (The Sun)

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ត្រូវ​បាន​រដ្ឋមន្ត្រី​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ចំអក​អំពី​រឿង​បាន​បញ្ជូន​ពូ​ទី​ន​ក្លែងក្លាយ (​អ្នក​បន្លំ​ខ្លួន​ជា​លោកពូ​ទី​ន​) ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​ផ្ទាល់​ទៅ​កាន់​ទីក្រុង​ម៉ា​រី​ប៉ូ​ល តាម​រយៈ​ការ​សង្កេត​ឃើញ​ពី​ចង្កា​ដែល​មាន​រាង​ខុស​ៗ​ប្លែក​ពី​គ្នា​។

បុរស​ខ្លាំង​រុ​ស្ស៊ី បាន​លេច​វត្តមាន​ដោយ​ផ្ទាល់​យ៉ាង​ភ្ញាក់ផ្អើល​នៅ​ទីក្រុង​រង​ការ​បំផ្លិចបំផ្លាញ​នា​ពេល​ថ្មី​ៗ​នេះ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រុ​ស្សី​។ គាត់​ត្រូវ​បាន​ថត​ដោយ​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី ដែល​កំពុង​បើកឡាន​ជុំវិញ​ទីក្រុង​រង​ការ​បំផ្លាញ និង​បាន​ជួប​ជាមួយ​អ្នកស្រុក​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​កាលពី​១២​ខែ​មុន​។ ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​លោកពូ​ទី​ន​ទៅ​កាន់​ទីក្រុង​ម៉ា​រី​ប៉ូ​ល ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​ផ្តាច់​ការ​ណា​ស៊ី អា​ដុល ហ៊ី​ត្លែរ នៅ​ទីនោះ អំឡុង​សង្គ្រាមលោក​លើក​ទី​២​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី​បាន​រាយការណ៍​ថា លោកពូ​ទី​ន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កំពង់​ផែ​ម៉ា​រី​ប៉ូ​ល ដែល​ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​សង្គ្រាម​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ បុរស​វ័យ​៧០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​សើចចំអក​ដោយ​មន្ត្រី​អ៊ុយ​ក្រែ​ន ដែល​ដឹកនាំ​លោក Anton Gerashchenko តាម​រយៈ​ការ​បង្ហោះ​រូប​ចង្កា​លោកពូ​ទី​ន​ចំនួន​៣​រូប ដែល​មាន​សភាព​ខុស​ៗ​ប្លែក​ពី​គ្នា ហើយ​ថែម​ទាំង​បាន​ចោទសួរ​ថា តើ​ពួក​គេ​ដូច​គ្នា​ឬ​អត់?

ពាក់ព័ន្ធ​ជាមួយ​រឿង​នេះ ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន បាន​អះអាង​ថា លោកពូ​ទី​ន​កំពុង​ប្រើប្រាស់​មនុស្ស​៣​នាក់​ផ្សេង​គ្នា ដែល​បាន​ធ្វើការ​វះកាត់​កែ​សម្ផស្ស ដើម្បី​ឱ្យ​មើលទៅ​ដូច​លោកពូ​ទី​ន​ពិតប្រាកដ​បះ​បិត​។ ហើយ​ពួក​គេ​ក៏​ជឿ​ថា លោកពូ​ទី​ន​បាន​និង​កំពុង​ប្រើប្រាស់​អ្នក​ជំនួស ដើម្បី​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​រដ្ឋ​ផង​ដែរ​។

យ៉ាងណាមិញ បើ​ទោះបីជា​មានការ​អះអាង​ពី​សំណាក់​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បែប​នេះ​ក្តី ប៉ុន្តែ​អ្វី​ទាំងអស់​ស្ថិត​នៅ​ដំណាក់កាល​នៃ​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ ហើយ​មិន​ទាន់​មាន​អ្វី​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​នោះ​ទេ​៕


 




Powered by Blogger.