ក អ ក រៀបចំវេទិកាពិភាក្សាស្តីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា»

 ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាស្តីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មាន» នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញដើម្បីប្រមូលធាតុចូលបន្ថែមនិងអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភព ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា៖ក្រោយពីបានពិភាក្សា និងការចូលរួមយោបល់ពីអ្នកសារព័ត៌ មានអាជីពនិងអតីតអ្នកសារព័ត៌មានដែលមាន បទពិសោធន៍យូរឆ្នាំ ក.អ.ក បានតាក់តែងបំពេញបន្ថែមនូវក្រម សីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជាដើម្បីជាមូលដ្ឋាន គ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវ: របស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ ប៉ុន្តែ ក.អ.ក យល់ឃើញថាក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានខាងលើនេះអាចនៅមានចំណុចចន្លោះប្រហោងឬមិនពេញលេញត្រង់ប្រការណាមួយ ដោយតម្រូវអោយសមាជិក សមាជិកា ក.អ.ក ចូលរួម យោបល់បំពេញបន្ថែម។ ដូច្នេះហើយទើប ក.អ.ក រៀបចំវេទិកាខាងលើដើម្បីផ្សព្វផ្សាយផង និងប្រមូលធាតុ ចូលបន្ថែមពីគ្រប់មជ្ឈដ្ឋានអ្នកសារព័ត៌មានផង។វេទិកានេះក៏មានការចូលរួមចែករំលែកដោយអ្នកសារព័ត៌មាន ខ្មែរនិងបរទេសដែល មានបទពិសោធន៍ប្រមាណ១០រូបថែមទៀត។

ក.អ.ក ជម្រាបជូនផងដែរថា គោលបំណងសំខាន់មួយទៀតនៃការរៀបចំវេទិកានេះ គឺដើម្បីចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភព លោក ៣ឧសភា លើកទី៣០ ផងដែរ ។

ក.អ.ក ចាត់ទុកវេទិកាខាងលើនេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។ អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា ក.អ.ក ទាំងអស់ចូលរួមដោយក្តីសោមនស្សរីករាយ។ នៅចុងបញ្ចប់នៃកម្មវិធី ក.អ.ក បានរៀបចំការជួបជុំពិសារអាហារសាមគ្គីបង្កើនភាពស្និទ្ធស្នាល សប្បាយរីករាយផងដែរ៕ 



Powered by Blogger.