ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង នៅតាមមាត់ទន្លេស្រុកស្អាង បានបាក់ស្រុត
ខេត្តកណ្តាល៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះថា ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងដែលសង់តាមបណ្តោយដងទន្លេ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង (មុខផ្សារស្អាង) ខេត្តកណ្តាល បានបាក់ស្រុតចូលទន្លេអស់ជាច្រើនខ្នង ។
ករណីបាក់ផ្ទះប្រជាពលរដ្ឋចូលទន្លេដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល និងខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនោះ អាចនឹងបន្តបាក់បន្ថែមទៀត ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាប្រមូលរបស់របរ និងស្វែងរកទីតាំងសុវត្ថិភាព។ ពាក់ព័ន្ធករណីគ្រោះធម្មជាតិបាក់ផ្ទះប្រជាពលរដ្ឋជាប់ច្រាំងទន្លេជាប់គ្នាៗនេះ អាជ្ញាធរនៅមិនទាន់អាចសន្និដ្ឋានថា ផ្ទះប៉ុន្មានខ្នងបានបាក់ស្រុត និងអំពីទំហំនៃការខូចខាតបាននៅឡើយទេ ខណៈអាជ្ញាធរដែនដីកំពុងព្យាយាមជួយសង្គ្រោះផ្ទះប្រជាពលរដ្ឋផ្សេងទៀតដែលដីមិនទាន់បាក់ស្រុតចូលទន្លេនៅឡើយ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរមូលដ្ឋាន បានចុះស្រង់ធ្វើកំណត់ហេតុពីម្ចាស់ផ្ទះ ដើម្បីឱ្យដឹងថា ផលប៉ះពាល់ទាំងនោះមានទំហំកម្រិតណាឱ្យពិតប្រាកដ។

ក្រោយមានហេតុការណ៍នេះ អភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សោភ័ណ្ឌ បានចេញបទបញ្ជាភ្លាមៗដល់អាជ្ញាមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចចេញអន្តាគមន៍ជួយសង្រ្គោះពលរដ្ឋបន្ទាន់ផងដែរ។ មកទល់នឹងម៉ោងនេះ ពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីករណីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅឡើយទេ ហើយអាជ្ញាធរក៏កំពុងញាប់ដៃញាប់ជើងជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។
គួរជម្រាបថា កន្លែងបាក់ស្រុតខាងលើ ជាតំបន់ខ្សែទឹកកោងចំមុខទឹកហូរបុកមកជារៀងរាល់ថ្ងៃ ខណៈកាលពីប៉ុន្មានឆ្នាំមុន មានករណីដាច់សាឡុងបូមខ្សាច់នៅទីនេះ ហើយពលរដ្ឋតវ៉ាជាញឹកញាប់ទម្រាំតែគេដកចេញ ហើយករណីបាក់ស្រុតផ្ទះក៏នៅបន្តលងបន្លាចពលរដ្ឋមកដល់បច្ចុប្បន្ន៕
Post a Comment