ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងបង្ហាញជាផ្លូវការនូវឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់មណ្ឌល ខេត្តបន្ទាយមានជ័យទាំង១២រូប (៦រូបបេក្ខជនពេញសិទ្ធិ និង៦រូបបេក្ខជនបម្រុង)។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៍ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកា គណបក្សនិងជនរួមជាតិទាំងអស់ដែលតែងតែផ្តល់ជំនឿជាក់ គាំទ្រយ៉ាងធំធេង និងចូលរួមយ៉ាងសកម្មដោយមិននឿយហត់អនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅរៀងរាល់អាណត្តិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិគណបក្សខេត្ត បន្ទាយមានជ័យ ដែលបានខិតខំចូលរួមអនុវត្ត និងសម្រេចបានតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសការខិតខំសម្រេចបានជោគជ័យយ៉ាងធំធេងនូវព្រឹត្តការណ៍ជាតិសំខាន់ៗនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកទី៣ កិច្ចប្រជុំកំពូលអន្តរសភាអាស៊ាន (អាយប៉ាAIPA) លើកទី៤៣ ឆ្នាំ២០២២កន្លងមកនេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា កសាងបាននូវសន្តិភាពពេញលេញ ស្ថិរភាពភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យតាមរយៈមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងភាពប្រាកដនិយមនៃកម្មវិធីនយោបាយកសាង និងការពារជាតិមាតុភូមិរបស់គណបក្ស និងយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសកាន់តែទូលំទូលាយឲ្យប្រជាជនកម្ពុជាទទួលបាននូវផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយចិរភាព។
សមិទ្ធផលខាងលើនេះ គឺពិតណាស់ជាការរួមចំណែកយ៉ាងសំខាន់របស់ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សខេត្តគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ដែលរួមមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការអភិវឌ្ឈវិស័យសេដ្ឋកិច្ច សង្គមកិច្ច រួមនឹងការខិតខំដោយមិននឿយហត់របស់ ក្រុមការងារគ្រប់ថ្នាក់ គណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងមន្រ្តីគណបក្សទាំងអស់។
ជាទីបញ្ជប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគាំទ្រទិសដៅចំពោះមុខរបស់គណៈកម្មាធិការគណបក្សខេត្ត ដែលបានដាក់ចេញ និងសូមធ្វើការណែនាំបន្ថែមទៀតដល់ សមាជិក សមាជិកាគ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ ត្រូវរួមគ្នាបន្តការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម, រួមគ្នាផ្សព្វផ្សាយឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ សម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យ ដើម្បីទទួលបាននូវការគាំទ្រនិងប្រជាប្រិយភាពកាន់តែទូលំទូលាយនៅក្នុងខេត្តថែមទៀត, បន្តខិតខំដោះស្រាយតម្រូវការរបស់ប្រជាជនមូលដ្ឋាន បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឲ្យកាន់តែលឿន និងរស់រវើក ឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋឲ្យចំទិសដៅ, ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវបន្តអនុវត្តតាមកម្មវិធីនយោបាយ និងផែនការរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា និងត្រូវខ្លួនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
Post a Comment