ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី

ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមានសមិទ្ធផលធំៗ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដើម្បីបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីដើមឡើយទីអារាមវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ គ្រាន់តែជាកន្លែងស្នាក់នៅរបស់ជនភៀសសិកមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ ឡើងវិញជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួប២៥ឆ្នាំ នៃមរណភាពម្តាយសម្តេច, ខួប១០ឆ្នាំ នៃមរណភាពឪពុកសម្តេច និងខួប១០០ឆ្នាំ នៃជន្មាយុឪពុកសម្តេច ដែលក្រុមគ្រួសារសម្តេច នឹងធ្វើពិធីឡើងព្រមជាមួយគ្នានៅឆ្នាំនេះតែម្តង ដើម្បីរំលឹកគុណអ្នកមានគុណទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ុយ៉ុង ដែលបានផ្តល់កន្លែង និងសម្រួលដល់ការទស្សនាផ្ទាំងទស្សនីយភាពល្ខោនបាសាក់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្ក្រាន្តនានា បានទាក់ទាញប្រជាពលរដ្ឋដើរទស្សនា កម្សាន្តសប្បាយរីករាយ ប្រមាណ១៣លាននាក់ ខណៈដែលនៅរាជធានីភ្នំពេញមានប្រមាណ ១លាននាក់ផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អាណាចក្ររីកចម្រើន ធ្វើឱ្យវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនផងដែរ។ ប្រជាពលរដ្ឋមានជីវភាពធូរធា ចង្ហាន់សម្រាប់ព្រះសង្ឃក៏បបូរផងដែរ រួមទាំងសទ្ធាជ្រះថ្លា កសាងទីអារាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកបច្ច័យពីការចូលរួមរបស់ក្រុមគ្រួសារសម្តេច(ត្រកូលហ៊ុន និងត្រកូលឌី), រដ្ឋបាលរាជធានីភ្នំពេញ និងសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងពិធីយបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជូនគណៈកម្មការវត្តរៀបចំចាត់ចែងតាមការគួរ។

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យឯកឧត្ដម អូស្មាន ហាស្សាន់ យកចិត្តទុកដាក់ពិនិត្យមើលនិស្សិតខ្មែរចំនួន៦នាក់ ដែលកំពុងសិក្សានៅប្រទេសស៊ូដង់ ដើម្បីអាចជម្លៀសចេញមកប្រទេសម៉ាឡេស៊ី ខណៈនៅស៊ូដង់កំពុងផ្ទុះសង្គ្រាមខ្លាំង។

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យបុគ្គលខ្លះប្រាថ្នាចង់ធ្វើធំ«នាយករដ្ឋមន្រ្តី» ប៉ុន្តែការប្រាថ្នារបស់បុគ្គលនោះមិនបានសម្រេច បើទោះបីជាទៅជាតិក្រោយក៏មិនអាចទៅរួចដែរ ខណៈតំណែងជានាយករដ្ឋមន្រ្តីនេះត្រូវបានប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនដល់សម្តេចជារៀងរហូតមកហើយនោះ។

Powered by Blogger.