ឯកឧត្តម ផុស សុវណ្ណ ការមិនតម្រូវឲ្យប្រតិភូកីឡាបង់ប្រាក់ ជារឿងមួយមិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៉ីហ្គេម

ភ្នំពេញ ៖ ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែម ដល់ប្រតិភូកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ ម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឲ្យប្រតិភូកីឡាអាស៉ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៉ីហ្គេម នាពេលកន្លងមក។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយក្រុមការងារតាមផ្នែក និងមន្ត្រីស្ម័គ្រចិត្ត ត្រៀមបម្រើការងារផ្សព្វផ្សាយព័ត៌មាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២។

«ជាប្រវត្តិសាស្ត្រមិនមានប្រទេសណា ធ្វើដូចកម្ពុជានោះឡើយ។ ដំណឹងនៃការមិនតម្រូវឲ្យប្រតិភូកីឡាអាស៉ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះ ត្រូវបានវៀតណាម យកទៅផ្សព្វផ្សាយខ្លាំងជាងគេ»។ នេះបើតាមលោក ផុស សុវណ្ណ ដែលជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ផងនោះ។

ការសម្រេចមិនតម្រូវឲ្យប្រតិភូកីឡាអាស៉ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ។

សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕






Powered by Blogger.