ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវបានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍ “ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព”

បន្ទាយឆ្មារ៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកព្រឹត្តិការណ៍ “ចូលឆ្នាំបន្ទាយឆ្មារ” ក្រោមប្រធានបទ “ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព” នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយប្រគេនពរ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះ ព្រះថេរនុថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ ក្រុមការងារ និងអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្រុមយុវជន ក្រុមសិល្បៈករ តន្រ្តីករ ក្រុមអនាម័យ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការចូលរួម ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបានខិតខំរៀបចំកម្មវិធី “ចូលឆ្នាំបន្ទាយឆ្មារ” ក្រោមប្រធានបទ “ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព” រួមនឹងកម្មវិធីកំសាន្តជាច្រើនទៀត នៅក្នុងខេត្តបន្ទាយមានជ័យយើងទាំងមូលបង្កលក្ខណៈឲ្យកាន់តែអធិកអធម ជួបជុំ សប្បាយរីករាយ សមស្របតាមប្រពៃណីជាតិ ដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧នេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏សូមសម្តែងនូវការគោរពដឹងគុណនិងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ បំផុតចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រប្រកបដោយភាពជឿជាក់ និងចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីបន្តកសាងនិងអភិវឌ្ឍន៍ប្រទេសរហូតបានសមិទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កសាងបាននូវសន្តិភាពពេញលេញ ជាសមិទ្ធផលដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលបាននាំមកជូនប្រជាជននិងប្រជាជាតិរបស់យើង តាមរយៈនយោបាយឈ្នះ ឈ្នះ ដោយបញ្ចប់បានទាំងស្រុងនូវសង្រ្គាមរ៉ាំរ៉ៃ បែកបាក់ បែងចែកទឹកដីទៅជាការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ-១៩បានដោយជោគជ័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ អនុញ្ញាតឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសកាន់តែសប្បាយរីករាយ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក២៥៦៧ រយៈពេល០៣ថ្ងៃយ៉ាងអធិកអធម ដែលនឹងចូលមកដល់នៅសុក្រ ៩រោច ថ្ងៃសៅរ៍១០រោច និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ខេត្តបន្ទាយមានជ័យ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាមកិមិរាទេវី យើងបានរៀបចំព្រឹត្តិការណ៍ “ចូលឆ្នាំបន្ទាយឆ្មារ” ក្រោមប្រធានបទ“ជួបជុំគ្រួសារចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព” នៅប្រាសាទបន្ទាយឆ្មារ ដែលជាប្រាសាទបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តដ៏ល្បីល្បាញមួយ ដែលបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ជួបជុំ សប្បាយអំណរសាទរទេវតាឆ្នាំថ្មី តាមលក្ខណៈប្រពៃណីខ្មែរយើងតាំងពីបូរាណកាលមក។ ព្រឹត្តិការណ៍ជាតិនេះ គឺជាគំនិតច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយ និងមានជួយការណែនាំ ផ្តល់ប្រឹក្សាគំនិត យោបល់ពីគ្រប់សមាសភាព អង្គភាពជំនាញ និងអាជ្ញាធរដែនដី ដើម្បីបង្ហាញដល់ជនរួមជាតិនិងអន្តរជាតិនូវកេរ្ត៍តំណែល មរតកបេតិកភណ្ឌវប្បធម៌ អរូបិយ អរិយធម៌ដ៏អស្ចារ្យ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងអត្តសញ្ញាណជាតិរបស់ប្រជាជាតិខ្មែរ ជាពិសេសគឺការឆ្លុះបញ្ជាំងអំពីឯកភាព សាមគ្គីភាព មិត្តភាព ស្មារតីគ្រួសារខ្មែរតែមួយ ភាពសុខដុមរមនា សុភមង្គល និងមោទនភាព និងស្នាមញញឹមចេញពីបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសជាមហាគ្រួសារតែមួយនៅក្រោមម្លប់នៃសន្តិភាព និងកម្មវីធីកំសាន្តជាច្រើនទៀតសម្រាប់ បងប្អូន ក្មួយៗ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ មកទស្សនាកំសាន្តនៅតាមទីសាធារណៈនិងរមណីយ៍ដ្ឋានផ្សេងៗទៀតដូចជា សង្ក្រាន្តនៅប៉ោយប៉ែត និងសង្ក្រាន្តសួនមានជ័យ ក្រុងសិរីសោភ័ណជាដើម។
ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យ រួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍមូលដ្ឋានយើង ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងត្រូវត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នា៕
























Powered by Blogger.