រន្ទះ​ខែ​ចែ​ត្រ ផ្ដាច់ជីវិត​កុមា​រា​២​នាក់​បងប្អូន និង​ក្មេង​ស្រី​ម្នាក់​សន្លប់​ក្នុង​ពេល​តែ​មួយ

ខេត្តបាត់ដំបង ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ក្រៃ​លែង នៅ​ពេល​ក្មេង​ប្រុស​អាយុ​ក្រោម​១០​ឆ្នាំ​ពីរ​នាក់​បងប្អូន​ត្រូវ​រន្ទះ​បា​.​ញ់​ស្លា​.​ប់​ក្បែរ​ដើម​ព្រីង ខណៈ​ក្មេង​ស្រី​ម្នាក់​ទៀត​ក៏​ត្រូវ​រន្ទះ​បា​.​ញ់​ដូច​គ្នា​ដែរ​បណ្ដាល​ឲ្យ​សន្លប់ ហេតុការណ៍​បាន​កើតឡើង​ក្នុង​ពេល​តែ​មួយ​តែ​ប៉ុណ្ណោះ កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែកជីក និង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី​។ បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រន្ទះ​បា​.​ញ់​ខាងលើ​នេះ កើតឡើង​២​ករណី​ព្រម​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ ហើយ​ក៏​បាន​ផ្ដាច់ជីវិត​កុមា​រា​ចំនួន​២​នាក់​បងប្អូន​យ៉ាង​អាណោចអាធ័ម រីឯ​កុមារី​ម្នាក់​ទៀត​ដួល​សន្លប់​។

ជន​ងរ​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ វុ​ធ ធា​រា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នំ ឃុំ​ព្រែកជីក ត្រូវ​រន្ទះ​បា​.​ញ់ បណ្ដាល​ឲ្យ​នាង​ដួល​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​សង្គ្រោះ​បន្ទាន់​។ ដោយឡែក​កុមា​រា​២​នាក់​បងប្អូន​ឯណោះ​វិញ ត្រូវ​រន្ទះ​បា​.​ញ់​ផ្ដាច់​យក​ជីវិត​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​ដើម​ព្រីង​តែ​ម្តង​។ ជន​រង​គ្រោះ​២​នាក់​បងប្អូន​នេះ រួម​មាន ៖ ម្នាក់​ឈ្មោះ រិ​ត ប្រុស​នុ​ត ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​បង​) និង​ម្នាក់​ទៀត​ឈ្មោះ រិ​ត ប្រុស​នុ​ន ភេទ​ប្រុស អាយុ​០៨​ឆ្នាំ (​ប្អូន​) រស់នៅ​ភូមិ​ចុង​ពរ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី​។

បើ​តាម​នាយ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ព្រៃ​ត្រឡាច លោក អ៊ី​ន សុខ​រ៉ាវ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បង្ក​ឲ្យ​មាន​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ដែល​បាន​កើតឡើង​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​មូលដ្ឋាន​។ លោក​បន្ត​ថា នៅ​ឃុំ​ព្រៃ​ត្រឡាច ក៏​មាន​ភ្លៀង​ធ្លាក់​តិច​តូច ប៉ុន្តែ​បង្ក​ឲ្យ​មាន​ខ្យល់ និង​ផ្គរ​រន្ទះ​ខ្លាំង​គួរ​ឲ្យ​ខ្លាច​។ លោក​មេ​ប៉ុស្ដិ៍​បាន​ប្រាប់​បន្ត​ថា កុមា​រា​រង​គ្រោះ​២​នាក់​បងប្អូន​ខាងលើ​នេះ ត្រូវ​រន្ទះ​បា​.​ញ់​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ឡើង​បេះ​ផ្លែ​ព្រីង​។ ពេល​នោះ​មេឃ​រលឹម​តិច​ៗ តែ​មាន​ផ្គរ​រន្ទះ​ខ្លាំង​ៗ​។

លោក​មេ​ប៉ុស្ដិ៍​បញ្ជាក់​ថា ក្មេង​ប្រុស​២​នាក់​បងប្អូន​នេះ រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា រីឯ​ឪពុក​ម្ដាយ​របស់​គេ​រវល់​ទៅ​ស៊ី​ឈ្នូ​ល​ធ្វើ​នំប៉័ង​ឲ្យ​គេ​នៅ​ស្រុក​មោង​ឬ​ស្សី លុះ​ពេល​ដឹង​ថា កូន​ៗ​មាន​គ្រោះថ្នាក់ ទើប​មានការ​ភ្ញាក់ផ្អើល​ផង​តែ​ម្តង​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា នៅ​ខេត្តបាត់ដំបង ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា នៅ​តាម​បណ្ដា​ស្រុក ឬ​នៅ​ក្នុង​ក្រុង​បាត់ដំបង​នោះ​ទេ បាន​រង​នូវ​គ្រោះ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​។ ហើយ​ភ្លៀង​​ដែល​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​នោះ បាន​ប៉ះទង្គិច​ទៅ​លើ​ស្រុក​មួយ​ចំនួន បណ្ដាល​ឲ្យ​រ​ប៉ើ​ក​ដំបូលផ្ទះ សាលារៀន និង​មាន​រន្ទះ​បា​.​ញ់​ឆក់​យក​ជីវិត​មនុស្ស និង​សត្វពាហនៈ​ផង​ដែរ​។ ខណៈ​ពេល​នេះ សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី បាន​និង​កំពុង​ចុះ​ត្រួតពិនិត្យ​នៅ​តាម​កន្លែង​ដែល​ជួប​គ្រោះ​មហន្តរាយ​ទាំងនោះ​ហើយ​៕

Powered by Blogger.