ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ
លោឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា កម្លាំងនគរបាលទាំងទាំង៩ក្រុងស្រុក បានត្រៀមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅពេលខាងមុខនេះ ប៉ុន្តែលោកឧត្តមសេនីយ៍ស្នងការ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវលេងគប់ទឹក បាញ់ទឹក និងដេញប៉ាតម្សៅគ្នានៅតាមផ្លូវ ដែលនាំឲ្យមានគ្រោះថ្នាក់នោះឡើយ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អធិការនគរបាលតាមក្រុងស្រុកទាំង៩ក្នុងខេត្ត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនស្តីពីវិធានការ នៃការលេងគប់ទឹក បាញ់ទឹក និងដេញប៉ាតម្សៅគ្នានៅតាមដងផ្លូវយ៉ាងគគ្លើន ដែលនាំឲ្យគ្រោះថ្នាក់ដោយប្រការណាមួយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់មន្ត្រីនគរបាលជំនាញ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនឲ្យលេងគប់ទឹក និងដេញប៉ាតម្សៅគ្នាពេញផ្លូវ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងមានការរំខានដល់អ្នកដទៃនោះឡើយ។
លោក សិទ្ធិ ឡោះ ក៏បានហាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ នាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស និងផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហិង្សាបណ្តាលមកពីការរាំកំសាន្ត ជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។
ម៉្យាងវិញទៀតត្រូវលើកកំពស់ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕
Post a Comment