ប្រជាពលរដ្ឋចំនួន ២ក្រុម បង្កជម្លោះកាប់ចាក់គ្នាដណ្ដើមដីព្រៃតំបន់អភិរក្សរនាមដូនសំ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួនពីរក្រុម ដើម្បីទន្ទ្រានកាន់កាប់ដីព្រៃតំបន់អភិរក្សរនាមដូនសំរបស់រដ្ឋជិត ១ពាន់ហិកតា ដោយខុសច្បាប់ នៅស្រុកម៉ាឡៃ ដែលមានមេខ្យល់នៅពីក្រោយខ្នងសម្រាប់យកទុកលក់ឲ្យក្រុមឈ្មួញ បានបង្កជាអំពើហិង្សាបណ្តាលឲ្យមនុស្សចំនួនរងបួសធ្ងន់ធ្ងរ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៨ខែមេសា ឆ្នាំ ២០២៣នេះទំនាស់ដីធ្លីពីការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់នេះ បានឈានដល់ប្រើអំពើហិង្សាបណ្ដាលឱ្យមានរបួសភាគីទាំងសងខាងធ្ងន់ស្រាលប្រមាណជាង ២០នាក់ ក្នុងនោះមានអ្នករបួសធ្ងន់ចំនួន ០៣នាក់ ដែលមានឈ្មោះ ទី១. ឈ្មោះ អឹម ប៉ាត់, ទី២. ឈ្មោះ អឹម នឿត និងទី៣. ឈ្មោះ អឹម ភឿត។

ក្នុងចំណោមជនរងគ្រោះទាំង ៣នាក់នេះ ក៏មានម្នាក់ជាអ្នកបង្កអំពើហិង្សាប្រើអាវុធខុសច្បាប់ គំរាមកំហែងទៅលើប្រជាពលរដ្ឋម្ខាងទៀតនាពេលកន្លងមក។ រហូតដល់សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារមួយដង្ហើមចង្រិតរួច ក៏ដោះលែងមកវិញហើយបង្កបញ្ហានេះជាថ្មីម្ដងទៀត ។

ទោះជាយ៉ាងណា សកម្មភាពទន្ទ្រានដីព្រៃនៅចំណុចវាលរាំវង់ និងស្រះថៅកែយ៉ ស្ថិតនៅក្នុងឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនេះ បានប៉ះទង្គិចគ្នាជាញឹកញាប់ ដោយប្រជាពលរដ្ឋខ្លះមានប្រើកាំបិត ដាវ ដំបូង និងចំពាមរហូតដល់មានអ្នករបួសស្នាមទៀតផង។

យោងតាមប្រជាពលរដ្ឋមួយក្រុមដែលបានទន្ទ្រានដីព្រៃនេះ បានអះអាងថា ពួកគាត់បានមកទន្ទ្រានកាន់កាប់ដីព្រៃចំណុចខាងលើនេះអស់រយៈពេល ៥ទៅ ៦ឆ្នាំមកហើយ ដោយបានធ្វើស្រែចម្ការអាស្រ័យផល។ តែនៅពេលដែលកាប់ស្ការដីបានស្រឡះហើយស្រាប់តែមានប្រជាពលរដ្ឋមួយក្រុមទៀត ចុះមកចាប់យកដីរបស់ពួកគាត់ ដែលក្នុងនោះរួមមាន៖ ១. ឈ្មោះ អឹម ភឿត ២. ឈ្មោះ អឹម នឿង ៣. ឈ្មោះ ឡោមគី ៤. ឈ្មោះ ហិន អៀង ៥. ឈ្មោះ យាយណាន ៦. ឈ្មោះ សម្បត្តិ ៧. ឈ្មោះ ក្ដិប ៨. ឈ្មោះ ក្អួន ៩. ឈ្មោះ ហ៊ិន ធិន ដែលជាកូនក្រុមរបស់ឈ្មោះ ស្វាយ នឿន និងមាន លោក ឈឹម មុន្នី ជាប្រធានក្រុមប្រឹក្សាស្រុក ម៉ាឡៃ ជាអ្នកនៅពីក្រោយខ្នងដោយឲ្យឈ្មោះ ព្រំ សាម៉នម៉េត ជាអ្នកចុះដឹកនាំផ្ទាល់។

ប្រភពពីប្រជាពលរដ្ឋដដែលបានអះអាងទៀតថា សកម្មភាពចុះវាស់វែងដីដែលដឹកនាំផ្ទាល់ដោយលោក ព្រំ សាម៉នម៉េត នេះ គឺនៅលើដីរបស់ប្រជាពលរដ្ឋដែលបានទៅចាប់មុន ហើយលក់ឱ្យទៅប្រជាពលរដ្ឋដែលមកពីឆ្ងាយ ក្នុង១ឡូតិ៍មានតម្លៃ ១លានរៀល។

ដោយទង្វើបែបនេះហើយ បានជាបង្កជាអំពើហិង្សាជាបន្តបន្ទាប់ ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ដោយភាគីម្ខាងដែលអាងមានក្រុមប្រឹក្សាស្រុកម៉ាល័យនៅពីក្រោយខ្នងនោះតែងតែបង្កការអុកឡុក ដោយបង្ខំឲ្យពួកគាត់រុះរើខ្ទម ដែលសាងសង់រួចចេញពីដីនោះ ដើម្បីពួកគេវាស់វែងរួចយកដីលក់ឱ្យអ្នកដទៃ។

បញ្ហាដែលកើតឡើងជាញឹកញាប់ដោយអំពើហិង្សានិងការទន្ទ្រានដីធ្លីរបស់រដ្ឋនេះគេសង្កេតឃើញថា÷អាជ្ញាធរមានសមត្ថកិច្ចចាត់ការតែរឿងអំពើហិង្សាដោយឡែកមូលហេតុចម្បងដែលឈានដល់ការបង្ករហិង្សានោះគឺជាការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនោះបែជាអាជ្ញាធរមិនបានចាត់ការឡើយហើយបណ្ដែតបណ្ដោយឱ្យក្រុមប្រជាពលរដ្ឋកាប់រៀនទន្ទ្រានដីព្រៃបរិស្ថានយ៉ាងណាអធិបតេយ្យថែមទៀត។

ជុំវិញការចោទប្រកាន់របស់ភាគីម្ខាងទៀតនេះត្រូវបាន លោក ឈឹម មុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានអះអាងថា លោកពុំមានអ្វីជាប់ពាក់ព័ន្ធទៅលើការកាប់ទន្ទ្រានដីព្រៃបរិស្ថាន ខាងលើដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះឡើយ។

តែលោកគ្រាន់តែដឹងថា មានភាគីមួយក្រុមមាន ២ផ្នែក ដោយ១ផ្នែកនោះគេបានដាក់សំណើរទៅរាជរដ្ឋាភិបាលហើយ តែរដ្ឋាភិបាលក៏មិនទាន់សម្រេចយ៉ាងណានោះទេ។ ចំណែកមួយផ្នែកទៀតនៅក្រុមជាមួយគ្នានោះទាមទារដីយកទៅលក់ឱ្យអ្នកគួកជេរដីក្រុមហ៊ុន។

ចំណែកលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ចំពោះករណី អំពើហិង្សា របស់ប្រជាពលរដ្ឋ នៅចំណុចវាលរាំវង់នោះ ខាងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ និងពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់ តែចំពោះសំណួរសួររឿងអាជ្ញាធរមានចំណាត់ការយ៉ាងណាចំពោះក្រុមទន្ទ្រានដីព្រៃ លោកឆ្លើយថា មិនអាចនិ យាយតាមទូរស័ព្ទបានទេរួចក៏បិទទូរស័ព្ទតែម្តង។

យ៉ាងណាក៏ដោយជុំវិញបញ្ហាខាងលើនេះមជ្ឈដ្ឋាននានាបានលើកឡើងថា អាជ្ញាធរស្រុកម៉ាឡៃ គួរតែមានវិធានការទប់ស្កាត់ទៅលើការកាប់ទន្ទ្រានដីព្រៃបរិស្ថានដោយខុសច្បាប់របស់ប្រជាពលរដ្ឋទាំងពីរភាគីខាងលើ ដើម្បីការពារទ្រព្យសម្បត្តិរបស់រដ្ឋមិនគួរណាបណ្ដែតបណ្ដោយឲ្យមេខ្យល់ដឹកនាំប្រជាពលរដ្ឋទៅទន្ទ្រានដីរដ្ឋ និងបង្កជម្លោះកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕












Powered by Blogger.