ចិននឹងបិទដែនអាកាសភាគខាងជើងកោះតៃវ៉ាន់ពីថ្ងៃទី ១៦ ដល់១៨ ខែមេសា (Reuters)
ប្រភពចំនួនបួនដែលបានដឹងអំពីបញ្ហានេះ បាននិយាយថា ប្រទេសចិនមានផែនការបិទដែនអាកាសនៅភាគខាងជើងកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ជាចំណាត់ការមួយដែលអាចធ្វើឲ្យបង្អាក់ ដល់ជើងហោះហើរនៅជុំវិញតំបន់នេះ។
ក្រសួងការបរទេសចិន និងកោះតៃវ៉ាន់ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ មន្ត្រីបួនរូបនៅខាងក្រៅប្រទេសចិន បាននិយាយទៅកាន់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះថាការដាក់បម្រាមនេះ នឹងបង្អាក់ដល់តំបន់ព័ត៌មានជើងហោះហើរភាគខាងជើងរបស់កោះតៃវ៉ាន់ (FIR) ហើយ ពួកគេពុំបានដឹងអំពីហេតុផលសម្រាប់ការរឹតត្បិតនេះទេ។
បញ្ហានេះកើតឡើង ខណៈប្រទេសចិនបញ្ចប់លំហាត់សមយោធាជាច្រើនថ្ងៃនៅជុំវិញកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងនេះ ជាការឆ្លើយតបទៅនឹងជំនួបកាលពីពេលថ្មីៗនេះរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលបានធ្វើឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹង។
មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានដឹងអំពីបញ្ហានេះដោយផ្ទាល់ បាននិយាយថា ការដាក់បម្រាមជើងហោះហើរនឹងធ្វើឲ្យប៉ះពាល់ដល់ជើងហោះហើរពី ៦០% ទៅ ៧០% នៃជើងហោះហើររវាងអាស៊ីឦសាន និងអាស៊ីអាគ្នេយ៍ ព្រមទាំងជើងហោះហើររវាងកោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកខាងជើង។
យោងតាមស្ថាប័ន OPSGROUP ជាសហករណ៍ឧស្សាហកម្មអាកាសចរណ៍ ដែលផ្តល់ការណែនាំលើហានិភ័យនៃជើងហោះហើរ បានឲ្យដឹងថា ការរឹតបន្តឹងកាលពីពេលមុនដែលបានដាក់អំឡុងការធ្វើសមយុទ្ធយោធាចិនកាលពីខែសីហាឆ្នាំមុន បានបណ្តាលឱ្យមានការបង្អាក់យ៉ាងខ្លាំងដល់ជើងហោះហើរនៅក្នុងតំបន់។
មន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់បាននិយាយថា ប្រទេសចិន មានផែនការ បិទដែនអាកាសនៅភាគខាងជើងកោះតៃវ៉ាន់ប្រហែល កន្លះម៉ោងនៅសប្តាហ៍ក្រោយ ដោយកាត់បន្ថយរយៈពីអ្វីដែលបានប្រកាសពីពេលដំបូងរយៈពេល៣ថ្ងៃ ដោយសារតែ មានវត្ថុធ្លាក់ពីយានបាញ់ផ្កាយរណប៕
Post a Comment