ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានស្នើឱ្យខាងកម្ពុជា ជួយផ្តល់ប្រាក់ឧបត្ថម្ភដល់កីឡាករ ធីអាហ្គោ ដែលត្រូវស្ថាប័ន WMO អាល្លឺម៉ង់ ដាក់ពិន័យដកខ្សែក្រវាត់ និងមិនផ្តល់ប្រាក់តម្លៃខ្លួន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី៨ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានស្នើឱ្យខាងកម្ពុជា ជួយផ្តល់ប្រាក់ឧបត្ថម្ភដល់កីឡាករ ធីអាហ្គោ ដែលត្រូវស្ថាប័ន WMO អាល្លឺម៉ង់ ដាក់ពិន័យដកខ្សែក្រវាត់ និងមិនផ្តល់ប្រាក់តម្លៃខ្លួន ព្រោះតែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ប្រកាសឡើងប្រកួតតំណាងឱ្យកម្ពុជា និងស្លៀកខោគុនខ្មែរ។


នៅលើគណនីផ្លូវការរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកនេះ បានបង្ហោះជាសំណេរយ៉ាងដូច្នេះថា « ឃើញគេមិនឱ្យលុយអ្នកប្រដាល់ប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង។ ខ្ញុំផ្ទាល់សូមផ្ញើលុយ១០០០ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។ សារនេះ ហាក់ស្របនឹងគំនិតអ្នកគាំទ្រកម្ពុជា ដែលបានស្នើឱ្យស្ថាប័នគុនខ្មែរអន្តរជាតិ និងសហព័ន្ធប្រដាល់គុនខ្មែរនៅប្រទេសកម្ពុជា ចេញសេចក្តីថ្លែងការរួមមួយ ដើម្បីថ្កោលទោសដល់ស្ថាប័ន WMO អាល្លឺម៉ង់ ជ្រកក្រោមស្ថាប័ន WMO នៅប្រទេសថៃ ថាមានភាពរើសអើងជាតិសាសន៍ និងរើសអើងក្បាច់គុនប្រទេសដទៃក្រៅពីក្បាច់គុនរបស់ខ្លួន។

ស្ថាប័ន WMO នៅប្រទេសថៃ បានបញ្ជាទៅស្ថាប័ន WMO អាល្លឺម៉ង់ ដែលបានរៀបចំព្រឹត្តការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WMO World Muay Thai កាលពីថ្ងៃទី១មេសា នាកម្មវិធី "Apex Fight Series" នៅប្រទេសអាល្លឺម៉ង់កន្លងទៅ ខណៈដែល កីឡាករ ធីអាហ្គោ តេចស៊ីរ៉ាThiago Teixeira ឡើងប្រកួតតំណាងឱ្យកម្ពុជា និង កីឡាករអង់គ្លេស ចូអ៊ី គ្រីវេន Joe Creaven ប្រកួតតំណាងឱ្យគុនថៃ។ ភាគីថៃ មានជំនឿចិត្តទៅលើកីឡាករ ចូអ៊ី គ្រីវេន Joe Creaven ថាអាចនឹងផ្តួល កីឡាករ ធីអាហ្គោ តេចស៊ីរ៉ាThiago Teixeira បានមិនខាន ទើបគេមិនរករឿងពេលដែលកីឡាករ កីឡាករ ធីអាហ្គោ ឡើងប្រកួតតំណាងឱ្យកម្ពុជា និងបង្ហាញពីការគាំទ្រប្រដាល់ក្បាច់គុនខ្មែរទាំងនៅពេលថ្លឹងគីឡូ និងពេលឡើងសង្វៀនប្រកួត។ ប៉ុន្តែ ក្រោយកីឡាករ ធីអាហ្គោ ផ្តួលកីឡាករអង់គ្លេស ចូអ៊ី គ្រីវេន នៅទឹកទី២ ដោយស្នៀតកែងគុនខ្មែរ ទើបស្ថាប័ន WMO នៅប្រទេសថៃផ្ទុះកំហឹង និងចេញលិខិតដកហូតខ្សែក្រវាត់វិញតែម្ដង។ 

ការព្យាយាមរករឿងកីឡាករ ធីអាហ្គោ តេចស៊ីរ៉ា Thiago Teixeira ដោយចោទប្រកាន់លើកំហុសផ្សេងៗ គឺភាគីថៃដែលមានឥទ្ធិពលលើស្ថាប័ន WMO អាល្លឺម៉ង់ បានចងកំហឹងនឹងប្រទេសកម្ពុជា ដែលបានយកក្បាច់គុនបុរាណខ្មែរ «គុនល្បុក្កតោ» ដែលជាក្បាច់គុនឫសគល់របស់គុនខ្មែរ ដាក់ចូលទៅក្នុងបញ្ជីសម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា ​២០២២ បានសម្រេច ខណៈប្រទេសថៃ ដែលបានព្យាយាមពង្រីកសក្តានុពលវិស័យក្បាច់គុនមួយថៃរបស់ខ្លួនទៅកាន់ពិភពលោក បែរជាមិនទទួលបានការយល់ព្រមពីអង្គការពិភពលោកមួយនេះឡើយ។ បន្ថែមលើនេះ ប្រទេសថៃកាន់តែឡើងកម្តៅខ្លាំង បន្ទាប់ពីប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានដាក់វិញ្ញាសា «គុនខ្មែរ» ជំនួសឱ្យវិញ្ញាសា «មួយ» របស់ថៃ ធ្វើឱ្យសហព័ន្ធប្រដាល់មួយថៃ និងអ្នកគាំទ្រថៃផ្ទុះកំហឹង ហើយព្យាយាមគំរាមកំហែងបណ្តាប្រទេសជាសមាជិករបស់ខ្លួន មិនឱ្យចូលរួមប្រកួតវិញ្ញាសា «គុនខ្មែរ» នេះឡើយ។ ប៉ុន្តែយ៉ាងណា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន មិនបានស្តាប់ការគំរាមរបស់ថៃនេះទេ និងបានប្រកាសចូលរួមជាមួយកម្ពុជា ធ្វើឱ្យថៃរិតតែខឹង...។

ការណ៍នេះ ធ្វើឱ្យសហព័ន្ធប្រដាល់មួយថៃងាកមកគាបសង្កត់កីឡាករបរទេសណា ដែលធ្លាប់ហ្វឹកហាត់ក្បាច់គុនថៃ ហើយងាកមកគាំទ្រប្រដាល់គុនខ្មែរ នឹងត្រូវរងនូវការពិន័យផ្សេងៗ ដូចជាកីឡាករ ធីអាហ្គោ តេចស៊ីរ៉ា Thiago Teixeira នេះយ៉ាងដូច្នេះដែរ។ 

យ៉ាងណា សកម្មភាពរបស់ថៃនៅពេលនេះ ហាក់ជួយរុញច្រានគុនខ្មែររបស់កម្ពុជាកាន់តែល្បីល្បាញលើឆាកអន្តរជាតិបន្ថែមទៀត ខណៈដែលថៃខ្លួនឯង ក៏កំពុងបញ្ចេញឥរិយាបទមិនល្អឱ្យបរទេសកត់សម្គាល់។ សូមបញ្ជាក់ថា បន្ទាប់ពីការប្រកាសរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ១០០០ដុល្លារ លោកស្រី ចាន់ថន ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ៣៥០០ដុល្លារ ដែលជាតម្លៃខ្លួនមិនទទួលបានពីស្ថាប័ន WMO ឱ្យទៅកីឡាករ ធីអាហ្គោផងដែរ...៕

Powered by Blogger.