កូនអកត្តញ្ញូ ដុតផ្ទះឪពុកម្តាយឆេះអស់ខ្ទេចហ្មត់

 ខេត្តបាត់ដំបង៖​ បុរសម្នាក់បានធ្វើសកម្មភាពដុត បំផ្លាញផ្ទះ របស់ឪពុកម្តាយឆេះអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើល នៅចំណុចក្រុមទី០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង វេលាម៉ោង ១៧:២០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ដែលមានប្រើប្រាស់ថ្នាំញៀន បានធ្វើសកម្មភាពដោយយកដែកកេះដុតផ្ទះរបស់ឪពុកឈ្មោះ គាត សុខ អាយុ៦១ឆ្នាំ និងម្តាយឈ្មោះ ណាំ ស្រី  អាយុ ៦១ឆ្នាំ ។  ផ្ទះឆេះមានទំហំ ៦ម៉ែត្រX១១ម៉ែត្រ សង់អំពីថ្មក្រោមឈើលើដំបូលប្រក់ស័ង្កសី ឆេះខូចខាងទាំងស្រុងរួមជាមួយសម្ភារនៅក្នុងផ្ទះដូចជា៖​ គ្រែឈើបេងចំនួន០៣, សាឡុងចំនួន០៣ , ទូរឈើចំនួន០២, តុឈើ ចំនួន០៣, ម៉ាស៊ីនបោកខោអាវ ចំនួន០១គ្រឿង,ទូរទឹកកក ចំនួន០១គ្រឿង , លុយចំនួន ១០០ដុល្លារ , ខ្សែកផ្លាកទីន ចំនួន ០១ខ្សែ,  ខ្សែដៃផ្លាកទីន ចំនួន០១ខ្សែ  និងសម្ភារមួយចំនួនទៀតឆេះខូចខាតទាំងស្រុង សរុបជាទឹកប្រាក់អស់ចំនួន ប្រហែល ៥០ ០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ)។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ០១រថយន្ត។ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ដែកកេះពណ៌ត្រួយចេក ចំនួន០១ , កាំបិតកញ្ចែតដងដែក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការតាមនីតិវិធី៕ ​



Powered by Blogger.