ក្រសួងបរិស្ថានបញ្ចាក់ច្បាស់ ពីផូស៊ីលឆ្អឹងដាយណូស័រ រកឃើញតាំងពីចុងឆ្នាំ២០២១ តែទើបផ្សព្វផ្សាយជាសាធារណៈ

 ក្រោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកទូលាយពីករណីរកឃើញផូស៊ីលដាយណូស័រលើកដំបូងបង្អស់នៅកម្ពុជា ដោយឯកឧត្តមរដ្ឋមន្ត្រីបានសរសេរ និងភ្ជាប់រូបភាពមួយសន្លឹកមកផង ដែលបង្ហាញភិនភាគទម្រង់ជាឆ្អឹងកងនៃផ្នែការណាមួយរបស់ ដាយណូស័រ។ ក្រោយការប្រកាសជាផ្លូវរកឃើញផូស៊ីលឆ្អឹងនេះរួចមានមហាជនមួយចំនួនលើកឡើងថា ផូស៊ីលឆ្អឹងដាយណូស័រ រកឃើញតាំងពីចុងឆ្នាំ២០២១ តែទើបផ្សព្វផ្សាយជាសាធារណៈ។

ជាមួយគ្នានេះដែរ តាមការផ្សព្វផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាននាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះបានឱ្យដឹងថា «ផូស៊ីលឆ្អឹងដាយណូស័រ គឺត្រូវបានរកឃើញតាំងពីចុងឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែ យើងមិនទាន់បានធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយសារចាំបាច់ត្រូវធ្វើការវាយតម្លៃ និងបញ្ជាក់ឱ្យបានច្បាស់ ប៉ុន្តែ បន្ទាប់ពីអ្នកជំនាញធ្វើការសិក្សាទៅ គឺបញ្ជាក់ថា ផូស៊ីលដែលយើងសង្ស័យជាផូស៊ីលឆ្អឹងដាយណូស័រ គឺពិតជាដៃផូស៊ីលឆ្អឹងដាយណូស័រមែន»។ ភពដដែលបានឱ្យដឹងទៀតថា តាមពិតអ្នកនៅក្នុងតំបន់នោះ គេបានឃើញវាយូរមកហើយ ប៉ុន្តែគេមិនច្បាស់ថាវាជាអ្វី ក្រោយមកទើបក្រុមការងារពាក់ព័ន្ធចុះទៅស្រាវជ្រាវ។ ក្រុមការងារនៃការរកឃើញផូស៊ីលនេះ គឺបានប្រើពេលរយៈពេលជិតមួយឆ្នាំកន្លងមកហើយ ដោយជាការសន្និដ្ឋានរបស់អ្នកជំនាញថា ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ។

សូមបញ្ចាក់ថា បន្ទាប់ពីសត្វដាយណូស័រ ផុតពូជពីផែនដីអស់រយៈពេលរាប់លានឆ្នាំមកហើយ ផូស៊ីល ត្រូវបានរកឃើញនៅរាយប៉ាយនៅលើទឹកដីទូទាំងសកលលោកដែលត្រូវបានរកឃើញនៅដោយបុរាណវិទូអន្តរជាតិជាច្រើន ប៉ុន្តែជាករណីកម្របំផុតសម្រាប់កម្ពុជា ដែលពេលនេះផូស៊ីលរបស់សត្វមានមាឌធំៗត្រូវបានរកឃើញ។ តាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ផូស៊ីល ដែលត្រូវបានអះអាងថាជារបស់សត្វដាយណូស័រដែលបានផុតពូជរាប់លានឆ្នាំហើយនេះ ត្រូវបានរកឃើញនៅលើកោះប៉ោ ស្ថិតក្នុងទឹកដីខេត្តកោះកុង។ យ៉ាងណា មិនទាន់មានព័ត៌មានលម្អិតនេះថាជាប្រភេទដាយណូស័រអំបូរអ្វី ដែលផូស៊ីលដែលរកឃើញនឹងយកទៅណា ធ្វើអ្វីបន្តទៀតនោះទេ៕












Powered by Blogger.