ព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់១០ព្រះវស្សា នៃការយាងសោយទិង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
ពិធីនៅព្រះបរមរាជវាំងនេះ មានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។
ចំណែកមន្ត្រីតាមបណ្តាក្រសួងស្ថាប័ននានា ក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យផងដែរ។ ក្រៅពីនោះ នៅតាមបណ្តាខេត្តនានា អាជ្ញាធរក៏បានរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅក្នុងសាលាខេត្តរៀងៗខ្លួន។
Post a Comment