យ៉ាងហោចណាស់មានកម្មករសរុប 6751 នាក់ បានស្លាប់ ក្នុងការសាងសង់កីឡាដ្ឋាននៅប្រទេសកាតា ដេីម្បីត្រៀមព្រឹត្តិការណ៍ FIFA World Cup 2022
ពេលនិយាយពីការប្រកួតបាល់ទាត់ World Cup 2022 អ្នកស្រឡាញ់វិស័យបាល់ទាត់ ច្បាស់ជាមានអារម្មណ៍រំភើបពន់ពេក ប៉ុន្តែនៅពីក្រោយនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ នៅប្រទេសកាតាមួយនេះ ក៏មានរឿងសោកសៅគួរអោយសង្វេគដែរ គឺការស្លាប់របស់កម្មករពេលសាងសង់កីឡដ្ឋានមួយនេះ។
ទិន្នន័យបង្ហាញថា មានកម្មករចំណាកស្រុករាប់ពាន់នាក់ បានបាត់បង់ជីវិតពេលសាងសង់កីឡដ្ឋាន តាំងពីឆ្នាំ២០១០ ក្រោយការប្រកាសរបស់កាតា ទទួលបានសិទ្ធិជាម្ចាស់ផ្ទះរៀបចំ World Cup 2022 នេះ។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកាតា បាននិយាយថា ចំនួនអ្នកស្លាប់សរុបមានតិចជាងនេះ។ តើមានកម្មករប៉ុន្មាននាក់ឲ្យប្រាកដ ដែលស្លាប់ពេលសាងសង់កីឡដ្ឋាននៅកាតា?យោងតាមរដ្ឋាភិបាលកាតា មានកម្មករ ៣៧នាក់ប៉ុណ្ណោះបានស្លាប់ពេលសាងសង់កីឡដ្ឋាន គិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។ ផ្ទុយទៅវិញ របាយការណ៍ជាច្រើនទាត់ចោលការលើកឡើង របស់រដ្ឋាភិបាលកាតា។
បើតាមគេហទំព័រ Guardian កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយកត់ត្រាចេញពីស្ថានទូតអន្តរជាតិនានា គឺមានកម្មករ ៦៨១៤នាក់ មកពីឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និងស្រីលង្កា បានស្លាប់នៅកាតា ដំណាលពេលនឹងកាតាប្រកាសថា មានអ្នកស្លាប់ត្រឹមតែ ៣៧នាក់។
ប្រភពដទៃទៀតជាច្រើនបង្ហាញថា ចំនួនកម្មករចំណាកស្រុកដែលស្លាប់សរុបមានច្រើនជាងនេះទៅទៀត ដោយសារតែចំនួននេះរាប់តែឥណ្ឌាអ្នកស្លាប់មានចំនួុន២៧១៤នាក់ ប៉ាគីស្ថានមាន៨២៤នាក់ នេប៉ាល់មាន១៦៤១នាក់ បង់ក្លាដេសមាន១០៨១នាក់ និងស្រីលង្កាមាន៥៥៧នាក់ ខណៈដែលមិនទាន់រាប់កម្មករសញ្ជាតិហ្វីលីពីន និងកេនយ៉ា ដែលមានអ្នកទៅធ្វើជាកម្មករនៅកាតាយ៉ាងកុះករដែរនោះ។
សរុបមក ចំនួនអ្នកស្លាប់សរុបនៅកាតានៅតែមិនផ្លូវការ តាំងពីទទួលបានសិទ្ធិជាម្ចាស់ផ្ទះរៀបចំ World Cup 2022 និងតាំងពីចាប់ផ្តើមសាងសង់កីឡដ្ឋាន សណ្ឋាគារ ផ្លូវថ្នល់ អាកាសយានដ្ឋាន និងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម។ គ្រាន់តែការអះអាងជាច្រើនថា មានអ្នកស្លាប់ខ្ទង់ពាន់នាក់ឯណោះ។
សូមជម្រាបថា ថវិកាប្រមាណ ២២៩ពាន់លានដុល្លារ គឺជាទំហំការប៉ាន់ស្មាន ដែលប្រទេសកាតា ចំណាយក្នុងការរៀបចំព្រឹត្តិការណ៍ World Cup នៅឆ្នាំ២០២២នេះ។ នេះបើតាមការផ្សាយដោយគេហទំព័រល្បីៗ Forbes និង Businessinsider ។
ទំហំទឹកប្រាក់នេះ រួមបញ្ចូលទាំងការសាងសង់កីឡដ្ឋានបាល់ទាត់ថ្មីៗ ចំនួន៧កន្លែង ការសាងសង់រទេះភ្លើងមេត្រូ ភ្ជាប់ពីកីឡដ្ឋានបាល់ទាត់នីមួយៗ ការសាងសង់អាកាសយានដ្ឋាន មន្ទីរពេទ្យ សណ្ឋាគារ និងផ្សារទំនើប។ សូមជម្រាបថា បើប្រៀបធៀបនឹងទឹកប្រាក់ ដែលប្រទេសរុស្ស៉ីរៀបចំ World Cup នៅឆ្នាំ២០១៨ គឺចំណាយត្រឹមតែ ១១.៦ពាន់លានដុល្លារប៉ុណ្ណោះ៕
Post a Comment