ជប៉ុនជាដៃគូដ៏ស្មោះស្ម័គ្ររបស់អាស៊ាន ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានថ្លែងថា ប្រទេសជប៉ុនជាដៃគូដ៏ស្មោះត្រង់របស់អាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ ខណៈនៅឆ្នាំក្រោយភាគីទាំងពីរ នឹងបើកកិច្ចប្រជុំកំពូលរំលឹក ខួប៥០ឆ្នាំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា នាទីក្រុងតូក្យូ ។

ក្នុងឱកាសបើកកិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន គឺជាដៃគូមួយ ដ៏សំខាន់ រឹងមាំ និងយូរអង្វែង ភាគជាដៃគូដែលចេញពី​បេះដូងរបស់អាស៊ាន-ជប៉ុន ក្នុងរយៈជិត ៥ទសវត្ស កន្លងមកនេះ បាននាំមកនូវភាពជោគជ័យដ៏ធំធេង និងដ៏ត្រចះត្រចង់លើគ្រប់វិស័យ ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន នៃតំបន់ទាំងពីរ ។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាក់ស្ដែង នៃការអនុវត្ត ការកែសម្រួល ការអនុវត្តសេចក្តី ប្រកាសចក្ខុវិស័យ ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ ។

គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៥ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលអាស៊ាន ចំនួន៩ប្រទេស លើកលែងតែមីយ៉ាន់ម៉ា ហើយភាគីជប៉ុន ដឹកនាំដោយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ៕










Powered by Blogger.