ឥណ្ឌាថ្លែងអំណរគុណដល់កម្ពុជា ដែលគាំទ្រខ្លួនជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

 អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម Jagdeep Dhankha បានថ្លែងអំណរ​គុណដល់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រខ្លួនជាសមាជិក​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ ខណៈសម្តេចតេជោ បានសម្តេចតេជោ បានថ្លែងអំណរគុណ​រដ្ឋាភិបាល​ឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ​ការអភិរក្សប្រាសាទបុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្មនៅកម្ពុជាជាដើម។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទស ​និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ជាមួយឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ​នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន ឲ្យដឹងថា​ នៅក្នុងកិច្ចជំនួប ភាគីទាំងពីរបានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព​ជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន ​និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេស នៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ជាដើម។

តាមសេចក្តីប្រកាសព័ត៌មាន​បានលើកឡើងថា« សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពី​ការ​គាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌាជាសមាជិក​អចិន្ត្រៃយ៍នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​ហើយ ឯកឧត្តម Jagdeep_Dhankha បានសម្តែងនូវអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​របស់រដ្ឋាភិបាលឥណ្ឌ សម្រាប់ការគាំទ្រនេះ»។

នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែលសម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់​ដោយក្តីសោមនស្សរីករាយចំពោះការ​កើនឡើង​នូវ​ទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាព​ដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។

សម្ដេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយ​កម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន«កម្ពុជាគ្មានមីន ​ ត្រឹមឆ្នាំ២០២៥»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយ​លើការ​អភិវឌ្ឍធនធានមនុស្សការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់​វិស័យកសិកម្ម ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលក៏បានឲ្យដឹងផងដែរថា នៅក្រោយជំនួបទ្វេភាគីនេះ ​សម្តេចតេជោហ៊ុន សែន និង ឯកឧត្តមJagdeep_Dhankh​បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ ឯកសារដែលចុះហត្ថលេខារួចចំនួនបួនផងដែរដោយក្នុងនោះរួមមាន៖ ១.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា ។

២. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការ គ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ ​និងទីជម្រករបស់វា រវាង ក្រសួងប​រិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។

៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា ​និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។ និងទី៤.កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា​ លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ខេត្តសៀមរាប៕

Powered by Blogger.