អ្នកជំនួញ​ហា​យ​សូរ ជាប់​ពាក់ព័ន្ធ​៥​បទល្មើស សុទ្ធ​សឹង​ព្រហ្មទណ្ឌ រឿង​លុយរាប់​លាន​ដុល្លារ

លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ​អ្នកជំនួញ​ហា​យ​សូរ​ម្នាក់ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ឆ​បោ​.​ក​)» ទៅ​លើ​ទឹកប្រាក់​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​។ ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​ផុត​ម៉ោង​ការងារ​រដ្ឋបាល តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ពេជ្រ ស្រី​មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពាណិជ្ជករ ស្នាក់​​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ហើយ​ស្ត្រី​ជា​អ្នកជំនួញ​ហា​យ​សូរ​រូប​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដា​វី​ន បុរី​វរជន ស្ថិត​នៅ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ស្ត្រី​អ្នកជំនួញ​ល្បី​ខាង​ឆ​បោ​.​ក​មនុស្ស​ជា​ច្រើន​នាក់​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​ឃាត់ខ្លួន​​នោះ គឺ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​អនុវត្ត និង​សម្របសម្រួល ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​។

ចំណែក​អ្នក​តាម​ប្រមាញ់​ព័ត៌មាន​បាន​សង្កេត​ឃើញ​ថា នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា កម្លាំង​កង​អាវុធហត្ថ​បាន​ដឹក​អ្នកជំនួញ​ហា​យ​សូរ តាម​រថយន្ត​មួយ​គ្រឿង​បំពាក់​ដោយសា​រ៉ែ​ន ចូល​ដល់​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្តង ដោយ​មិន​បាន​ដាក់​ឲ្យ​ចុះ​ដើរ​ពី​ក្រៅ​ដូច​ជនសង្ស័យ​ពាក់ព័ន្ធ​លួច ឆក់ ប្លន់ ឬ​គ្រឿង​ញៀ​.​ន​នោះ​ទេ ដែល​តាម​អ្នកខ្លះ​និយាយ​ថា ជនសង្ស័យ​រូប​នេះ ជា​អ្នកមាន​ធន​ធាន ចង់​ទិញ​យក្ស​ជិះ​លេង​ក៏​បាន​ដែរ​។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់ គេ​ក៏​បាន​សង្កេត​ឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង​ចំនួន​២​ទៅ​៣​នាក់ ដោយ​អ្នកខ្លះ​កាន់​ពាក្យបណ្តឹង​ដើម្បី​ដាក់​ចូល​បន្ថែម ខ្លះ​ទៀត​កាន់​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដែល​តំណាង​អយ្យការ​ទើបនឹង​ចេញ​ថ្មី​ៗ តាម​ឃ្លាំមើល​ចំណាត់ការ​របស់​អយ្យការ​ក្នុង​ដំណាក់​ការ​ស៊ើបសួរ​។

បើ​តាម​មេធាវី​ចំនួន​២​ទៅ​៣​នាក់​នោះ បាន​និយាយ​ថា សំណុំរឿង​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ​(​ពេជ្រ ស្រី​មុំ​) មាន​៥​ករណី សុទ្ធតែ​រឿង​ព្រហ្មទណ្ឌ ឆ​បោ​.​ក ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់ (​ស្អែក​ស្អុយ​) រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សំណុំរឿង​នីមួយ​ៗ​មិន​ស្ថិត​នៅ​ព្រះរាជអាជ្ញា ឬ​ព្រះរាជអាជ្ញា​រង​ណា​ម្នាក់​នោះ​ទេ គឺ​មាន​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង​៤​នាក់​កាន់​រឿង​ក្តី​ផ្សេង​ៗ​គ្នា ដែល​ការ​ស៊ើបសួរ និង​ត្រូវ​ចំណាយពេល​សួរ​បន្តបន្ទាប់​គ្នា​ដែរ​។

គួរ​បញ្ជាក់​ថា អ្នកជំនួញ​ហា​យ​សូរ (​ពេ​ជ ស្រី​មុំ​) រូប​នេះ មិនមែន​សមត្ថកិច្ច​ទើបនឹង​ចាប់ខ្លួន​មួយ​ករណី​នោះ​ទេ គឺ​ចាប់ខ្លួន​៣​លើក​មក​ហើយ ជាក់ស្តែង​លើក​ទី​១- កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​អគារ Rise Commercial Buil ding នៅ​ខណ្ឌ​បឹង​កេងកង តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​មាន​ទឹកប្រាក់​ចំនួន ៧៧៦.០០០ ដុល្លារ​អា​មេ​រិ​ក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ​។ លើក​ទី​២- រំលង​បាន​ប្រហែល​១​ខែ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​សែក​ស្អុយ​) ដដែល ដោយពេល​នោះ​ជនសង្ស័យ​បាន​ដាក់​ប្រាក់​តម្កល់ ដើម្បី​ធានា​ខ្លួន ទើប​តំណាង​អយ្យការ​អនុញ្ញាតិ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​។ ហើយ​លើក​ទី​៣- នេះ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ម្តង និង​កំពុង​បន្ត​នីតិវិធី​។

បើ​តាម​មេធាវី​ម្នាក់​ការពារ​ក្តី​ឲ្យ​ក្រុម​មួយ​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​មួយ​ពឹងពាក់​តាម​ផ្លូវច្បាប់ ឲ្យ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ពេជ្រ ស្រី​មុំ ដែរ ពាក់​ព​ន្ធ័​ពី​បទ​.​ឆ​បោ​.​កលើ​ទឹកប្រាក់​ប្រមាណ ៩៣៤ ៩៦០ ដុល្លារ​អា​មេ​រិ​ក ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​ចំនួន​៩​សន្លឹក ជា​សែក​ស្អុយ​ទាំងអស់​។

សូម​ជួយ​តាមដាន​តទៅ​ទៀត និង​រង់ចាំ​មើល​លើក​នេះ តើ​ស្ត្រី​ជំនួញ​ហា​យ​សូរ ពេជ្រ ស្រី​មុំ រូប​នេះ នឹង​មាន​វាសនា​បែប​ណា?​៕


Powered by Blogger.