រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​មី​ស៊ី​ល​ថ្មី​បណ្តាល​ឲ្យ​ដាច់​ថាមពល​អគ្គិសនី និង​ទឹក

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្សី​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ពុធ​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី និង​ទឹក ហើយ​បណ្តាលឱ្យ​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៦​នាក់​ស្លាប់​នៅក្នុង​ការវាយលុក​ថ្មី​មកលើ​បណ្តាញ​ថាមពល​ ដែល​កំពុង​ជួប​ការលំបាក​របស់​ប្រទេស​នេះ​។

ក្រុមហ៊ុន​ថាមពល Ukrenergo បាន​និយាយថា អ៊ុយ​ក្រែ​ន​មាន​ចេតនា​កាត់ផ្តាច់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ចំនួន ៣ ​ចេញពី​បណ្តាញ​អគ្គិសនី​ជាតិ​ជា​ចំណាត់ការ​បង្ការ​ជាមុន ​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ការវាយលុក​របស់​រុស្ស៊ី​។ មេដឹកនាំ​​ម៉ុ​ល​ដូ​វ៉ា​និយាយថា នៅ​ប្រទេសជិតខាង​ម៉ុ​ល​ដាវី​ដែល​ត​ភ្ជាប់​បណ្តាញ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ជាង​ពាក់កណ្តាល​ប្រទេស​បាន​ដាច់​ចរន្តអគ្គិសនី​។​ ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន ទីក្រុង​ភាគ​ខាងលិច​ Lviv និង​ទីក្រុង Mykolaiv ភាគខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ជាច្រើន​ ដែល​រាយការណ៍​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។ យោងតាម​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មនុស្ស ៦​នាក់​បាន​ស្លាប់ និង​ជាង ៣០​នាក់​បាន​រង​របួស​នៅ​ទូទាំង​ប្រទេស។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាន​និយាយ​នៅលើ​បណ្តាញ Telegram ថា ទឹក​ម៉ាស៊ីន​ត្រូវ​បាន​កាត់ផ្តាច់​ដោយសារ​ការបាញ់​ផ្លោង​នៅ​ទូទាំង​ទីក្រុង​។ លោក​និយាយ​ថា មី​ស៊ី​ល​ចំនួន ២១​គ្រាប់​ក្នុងចំណោម ៣១​គ្រាប់​តម្រង់​មក​លើ​ទីក្រុង Kyiv ត្រូវ​បាន​បាញ់​ទម្លាក់​។​ ​ទោះជា​យ៉ាងណា មី​ស៊ី​ល និង​យាន​ដ្រួ​ន​ដែល​បាន​បាញ់​ដល់​គោល​ដៅ​ បាន​ធ្វើឱ្យ​ប្រព័ន្ធ​ថាមពល​របស់​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​ថាមពល Ukrenergo បាន​និយាយ​ថា ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ចំនួន ៣ ត្រូវ​បាន​ផ្តាច់​ចេញពី​បណ្តាញ​អគ្គិសនី​ជា​ចំណាត់​ការ​សុវត្ថិភាព៕


Powered by Blogger.