សម្ដេច ស ខេង ជំរុញឱ្យអជ្ញាធរយកចិត្តទុកដាក់ រួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមសហគមន៍

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានជំរុញអជ្ញាធរឱ្យខិតខំយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀន ដ្បិតគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ផ្សាររាត្រី និងសួនច្បារ «សួនសម្ដេចក្រឡាហោម» នាក្រុងបាត់ដំបង នៅថ្ងៃទី១៥ ខែធ្នូនេះ។ សម្ដេចក្រឡហោមស ខេង ក៏អំពាវនាវអាជ្ញាធរ និងប្រជាពលរដ្ឋ យកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមលើនេះ កម្ពុជានៅតែរក្សាបានសុខសន្តិភាព ទោះបីជាមានក្រុមប្រឆាំងរាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែក្រុមប្រឆាំងទាំងនោះ ជាក្រុមប្រឆាំងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺគ្មានក្រុមប្រឆាំងក្រៅច្បាប់ ដែលបង្កើតជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន ក្នុងនោះសម្ដេច បានជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប ព្រោះខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ។ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង សង្កាត់ ព្រមជាមួយក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមសាមគ្គីជាមួយកម្លាំងគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍន៍ខេត្ត និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលដ្ឋ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ រីករាលដាល បន្ថែមដោយបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ជាពិសេស ប្រជាកសិករ រួមទាំងបញ្ហាប្រឈមផ្សេងៗទៀត៕












Powered by Blogger.