សហរដ្ឋអាមេរិកគ្រោងដាក់បញ្ចូលក្រុមហ៊ុនចិនជាង ៣០ ទៅក្នុងបញ្ជីខ្មៅ
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden គ្រោងនឹងដាក់ក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) និងក្រុមហ៊ុនចិនចំនួន ៣៥ផ្សេងទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មដែលនឹងរារាំងពួកគេពីការទិញគ្រឿងបន្លាស់មួយចំនួនរបស់អាមេរិក។ នេះបើតាមយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ Bloomberg News ថា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជីខ្មៅមួយឈ្មោះថា បញ្ជីអង្គភាព (Entity List) នៅដើមសប្តាហ៍នេះ។
នៅពេលដែលក្រុមហ៊ុនមួយត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី Entity List នេះ ក្រុមហ៊ុនផ្គត់ផ្គង់នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននោះ ត្រូវតែទទួលបានអាជ្ញាប័ណ្ណពិសេសជាមុនសិនដើម្បីនាំចេញទំនិញបច្ចេកវិទ្យា សូម្បីទំនិញបច្ចេកវិទ្យាទាប ទៅឱ្យក្រុមហ៊ុនដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះ។
ក្រុមហ៊ុន YMTC បានបដិសេធធ្វើអត្ថាធិប្បាយ ហើយក្រសួងពាណិជ្ជកម្មអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រផងដែរ។
មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅក្នុងសុន្ទរកថាមួយដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានកាលពីខែមុនថា ក្រុមហ៊ុនចិនរាប់សិបផ្សេងទៀត រួមទាំងក្រុមហ៊ុន YMTC ផងដែរនោះស្ថិតក្នុងហានិភ័យក្នុងការបញ្ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនៅថ្ងៃទី៦ ខែធ្នូ។
នៅក្នុងខែតុលា អង្គភាពចំនួន៣១ រួមទាំងក្រុមហ៊ុន YMTC ផងដែរត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមហ៊ុនមួយដែលមន្ត្រីអាមេរិកមិនអាចមានលទ្ធភាពត្រួតពិនិត្យបាន ដែលបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង៕
Post a Comment