សម្តេចតេជោ ហ៊ុន សែន សម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុបនឹងផ្តល់ប្រយោជន៍គ្នាទៅវិញទៅមកកាន់តែខ្លាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានសម្តែងសុទិដ្ឋិនិយមថា អាស៊ាន និងសហភាពអឺរ៉ុបនឹងផ្តល់ផលប្រយោជន៍ទៅគ្នាទៅវិញទៅមកកាន់តែខ្លាំង បើទោះបីជាតំបន់ទាំងពីរស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចសន្ទនានារវាងថ្នាក់ដឹកនាំតំបន់អាស៊ាន និងអឺរ៉ុបនាពេលនេះ បានលើកឡើងអំពីប្រធានបទជាច្រើន ដែលមានការពាក់ព័ន្ធនៃតំបន់ទាំងប្រកបដោយការបើកចំហរ និងស្មោះត្រង់បំផុតនោះ។
យ៉ាងណាក៏ដោយនៅក្នុងសន្និសីទរួមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានប្រាប់ដល់ភាគីអឺរ៉ុបផងដែរថា អាស៊ានមិនមែនជាតំបន់គ្រាន់ តែទន្ទឹងរង់ចាំអ្វីៗដែលត្រូវជួយពីសហភាពអឺរ៉ុបនោះទេ ប៉ុន្តែអាស៊ានត្រូវឃើញក្នុងការបំពេញឲ្យគ្នាទៅវិញ ទៅមករវាងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះតែម្តង។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានក៏បានបញ្ជាក់ទៅកាន់សហភាពអឺរ៉ុប ផងដែរ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពអឺរ៉ុបគប្បីកុំយកបញ្ហានយោបាយមកនិយាយ ខណៈអឺរ៉ុបបានលើកឡើងអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាថាអាចនឹងមានការរាំងស្ទះចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ដូចអ្វីដែលប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បានលើករួចមកហើយថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាចយកច្បាប់របស់ផ្នែកមួយទៅដាក់ផ្នែកមួយនោះទេ។ ចំណុចនេះត្រូវតែរំលឹក ហើយភាគីទាំងពីរ(អាស៊ាន-អឺរ៉ុប)ត្រូវតែស្មើភាពគ្នា ដើម្បីអនុវត្តន៍ឲ្យបានឆាប់រហ័ស ដោយមិនអាចផ្អែកលើសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឬប្រទេសណាមួយ ហើយបែជារំខានទៅដល់កិច្ចខិតខំប្រឹងប្រែង ជាមួយនឹងការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំង ពីរនោះទេ។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ ក៏បានចោទ សួរទៅកាន់សហភាពអឺរ៉ុបផងដែរថា« តើEUបានចុះហត្ថលេខា ជាមួយប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ាន? ហើយថាតើបណ្តាសិទ្ធិមនុស្សនៅក្នុងប្រទេសនោះវាយ៉ាងម៉េច?។ វាពិតណាស់ចំណុចទាំងនេះវាមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែយើងមានចំណុចរួម មួយគឺតម្រង់ទៅរកគោលដៅនៃការតភ្ជាប់ និងផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយជាសេដ្ឋកិច្ចបំពេញឲ្យគ្នា ទៅវិញទៅមក ហើយសង្ឃឹមថាចំណុចនេះគឺជាចំណុចដាស់តឿនអាស៊ានឲ្យខិតខំប្រឹងប្រែងដើម្បីឲ្យងើបឈរឡើងធ្វើជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយនឹងសហភាពអឺរ៉ុប»៕
Post a Comment