ផែនការពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ នឹងដំណើរការទៅដោយរលូន និងជោគជ័យ

 នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្ដព្រះសីហនុ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ អន្ដរក្រសួង រដ្ឋបាលខេត្ដព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានបន្ដរៀបចំកិច្ចប្រជុំពិភាក្សាកែតម្រូវ និងសម្រេចចុងក្រោយលើផែនការពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក នៅខេត្ដព្រះសីហនុ ដើម្បីឱ្យដំណើរការទៅដោយរលូន និងជោគជ័យ។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកនេះ នឹងមានការគៀគរភ្ញៀវជាតិមកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឪ្យព្រឹត្តិការនេះកាន់តែមានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធិផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។

ក្នុងនាមរដ្ឋបាលខេត្ត គាំទ្ររីករាយដំណើការមហាសន្និបាតក្លឹបឆ្នេរ និងបុណ្យសមុទ្រនាពេលខាងមុខនេះ ក្រោមការដឹកនាំរៀបចំដោយបណ្ឌិត ថោង ខុន ធ្វើឪ្យភាពជោគជ័យនៃកិច្ចប្រជុំ និងបុណ្យសមុទ្ររបស់យើងពិតជាការទទួលបានការសាទរពីភ្ញៀវថ្នាក់ជាតិ អន្តរជាតិ។ តាមរយៈស្មារតីកិច្ចប្រជុំពិភាក្សាចុងក្រោយនេះ គឺអ្វីៗត្រូវបានរៀបចំឡើងបានល្អប្រសើរតាមផែនការដែលបានគ្រោងទុក និងសឹងស្ទើរ ១០០ភាគរយ ដែលនឹងអាចដំណើរទៅដោយរលូន និងជោគជ័យ។

​ឯកឧត្ដម បន្ដថា មហាព្រឹត្ដិការណ៍នេះ មានការចូលរួមពីគណៈប្រតិភូជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកចំនួន ៣៤ក្លឹបឆ្នេរ មកពី ២១ប្រទេស ហើយនឹងមានរៀបចំសន្និសិទ ស្តីពីការគ្រប់គ្រង តំបន់ឆ្នេរ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ពិធីសម្តែងទស្សនីយភាព សិល្បៈ ការប្រគុំតន្ត្រី មហោស្រពម្ហូបអាហារ ព្រឹត្តិការណ៍កីឡា ពិធីដាំដើមឈើអនុស្សាវរីយ៍ និងការតាំងពិព័រណ៍សមិទ្ធផលនានា។ មហាព្រឹត្ដិការណ៍នេះ និងមានការថ្លែងសន្ទរកថាបើកពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានផ្ញើសារទៅកាន់ប្រតិបត្ដិករទេសចរណ៍ថា «សូមអំពាវនាវដល់វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ និងធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»៕

Powered by Blogger.